ព័ត៌មានទាន់ហេតុការណ៍៖

លើកដែកប៉ះខ្សែកាបឆក់ធ្លាក់ពីដំបូលផ្ទះរបួសធ្ងន់ផ្អើលទាំងព្រឹក

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់លើកដែកប៉ះខ្សែកាបអគ្គិសនីឆក់ធ្លាក់ពីលើដំបូលផ្ទះរងរបួសធ្ងន់បង្កការភ្ញាក់ផ្អើលដល់មិត្តរួមការងារនិងម្ចាស់ផ្ទះប្រញាប់ប្រញាលដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២២មានស្ថិតនៅត្រង់ចំណុចភូមិព្រៃម្នាស់ ឃុំសំឡី ស្រុកកំពង់រោទ៍។

នគរបាលស្រុកបានឲ្យដឹងថាបុរសរងគ្រោះមានឈ្មោះ សុខ សុផល អាយុ៤១ឆ្នាំមុខរបរជាងផ្សារដែក មានទីលំនៅភូមិព្រៃម្នាស់ ឃុំសំឡី ស្រុកកំពង់រោទ៍។

ចំណែកម្ចាស់ផ្ទះមានឈ្មោះ ទុន ម៉ុកវិទូ ភេទប្រុស អាយុ៤៦ឆ្នាំមុខរបរកសិករ រស់ក្នុងភូមិឃុំកើតហេតុខាងលើ។

បើតាមសក្សី បានឲ្យដឹងថាមុនពេលកើតហេតុបុរសរងគ្រោះបានឡើងលើដំបូលផ្ទះដើម្បីផ្សារដែកផ្ទះអ្នកភូមិដូចរាល់ដង ខណៈនោះក៏បានលើកដែកវែងហើយប៉ះនិងខ្សែកាបអគ្គិសនីរបស់រដ្ឋដែលនៅក្បែរនោះបណ្ដាលឱ្យឆក់ហើយធ្លាក់ពីលើដំបូលផ្ទះមកដីរងរបួសធ្ងន់បង្កការភ្ញាក់ផ្អើលដល់មិត្តរួមការងារនិងម្ចាស់ផ្ទះប្រញាប់ប្រញាលជួយសង្គ្រោះនិងដឹកយកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងភ្លាមៗផងដែរ។

បច្ចុប្បន្នបុរសរងគ្រោះកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀងដោយមានអាការៈធ្ងន់ធ្ងរនៅឡើយ ៕

ដោយ៖យឹម សុថាន


ចែករំលែក៖