ព័ត៌មានទាន់ហេតុការណ៍៖

កាណាដា៖ ផ្ទុះអាវុធជាមួយក្រុមជនល្មើស ប៉ូលិស៦នាក់រងរបួស

ចែករំលែក៖

មានករណីផ្ទុះអាវុធនៅធនាគារមួយក្នុងខេត្ត British Colombia ប្រទេសកាណាដា នាថ្ងៃទី ២៨ខែមិថុនា (ពេលវេលាក្នុងតំបន់) បណ្តាលឱ្យប៉ូលិស៦នាក់រងរបួស ចំណែកខ្មាន់កាំភ្លើងពីរនាក់ត្រូវបានបាញ់សម្លាប់ផងដែរ។

ហេតុការណ៍ខាងលើកើតឡើងនៅក្នុងធនាគារ Montreal នៅលើកោះ Vancouver ជិតព្រំដែនរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ។ កម្លាំងប៉ូលិសបានឲ្យដឹងថា ទីតាំងអាជីវកម្មនៅក្បែរនោះត្រូវបានជម្លៀសពលរដ្ឋចេញទៅកាន់តំបន់មានសុវត្ថិភាព ហើយកម្លាំងសន្តិសុខក៏បានបិទខ្ទប់ជាបណ្តោះអាសន្នដែរដោយខ្លាចមានការបង្កៃគ្រាប់បែក ។
លោក Dean Duthie មន្ត្រីប៉ូលិសក្នុងតំបន់បានឱ្យដឹងថា ជនដៃដល់ប្រដាប់ដោយអាវុធ និងពាក់អាវការពារគ្រាប់ទៅធ្វើសកម្មភាព។ ការបាញ់ប្រហារតទល់គ្នាជាមួយកម្លាំងប៉ូលិសបណ្តាលឱ្យប៉ូលិស៦នាក់រងរបួស និងជនដៃដល់២នាក់ស្លាប់ ។
នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានបង្ហាញការឈឺចាប់ក្រោយទទួលបានព័ត៌មានខាងលើ ។ លោកក៏បានសួរសុខទុក្ខដល់កម្លាំងប៉ូលិសដែលរងរបួសក្នុងបុព្វហេតុការពារពលរដ្ឋ៕ ដោយ៖ ធីរីណា

រូបថត៖ Reuters 


ចែករំលែក៖