ភ្នំពេញ៖ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីលទ្ធផលការងារ និងទិសដៅការងារពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យដោយមានការអញ្ជើញចូលរួមពី លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាអនុប្រធានប្រចាំការ គ.ស.ហ. លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាអនុប្រធានគ.ស.ហ ក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អភិបាលរាជធានី-ខេត្តទាំង២៥ ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍មតិស្វាគមន៍បើក ថាកិច្ចប្រជុំផ្សព្វផ្សាយដែលបានរៀបចំនាពេលនេះ មានគោលបំណងសំខាន់ចំនួន២ រួមមាន៖
ទី១-ប្រជុំផ្សព្វផ្សាយអំពីការងារប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យនៅកម្ពុជា ដល់ថ្នាក់ដឹកនាំទាំងមូលរបស់ក្រសួង-ស្ថាប័ន្ធអនុវត្តច្បាប់ អាជ្ញាធរត្រួតពិនិត្យអភិបាល នៃគណៈអភិបាលរាជធានី-ខេត្តទាំង២៥ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីពង្រឹងការអនុវត្តមុខងារភារៈកិច្ចរបស់ខ្លួន និងរក្សាឱ្យបាននិរន្ដរភាពការងារ និងទី២-ផ្សព្វផ្សាយអំពីលទ្ធផល នៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងក្របខ័ណ្ឌ និងអនុវត្តច្បាប់ពាក់ព័ន្ធ និងការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យនៅកម្ពុជា ប្រកបដោយប្រសិទ្ធិភាពខ្ពស់ជាពិសេស ក្នុងស្ថានភាពដែលប្រទេសកម្ពុជាកំពុងស្ថិតក្នុងបញ្ជីប្រផេះ។
ក្នុងឱកាសនោះដែរ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាអនុប្រធាន (គ.ស.ហ) បានធ្វើសេចក្តីរាយការណ៍សង្ខេប ស្តីពីការងារប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ លោក បានបញ្ជាក់ឱ្យដឹងថា ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យថ្មី ត្រូវបានអនុម័តឱ្យប្រើប្រាស់ជាផ្លូវការផងដែរ។
ឆ្លៀតឱកាសនោះដែរ លោកបានធ្វើការថ្លែងអំណរគុណចំពោះ ការចូលរួមយ៉ាងសកម្មរបស់ក្រុមការងារពាក់ព័ន្ធ ព្រមទាំងបណ្តាដៃគូរអន្តរជាតិ ដែលបានផ្តល់ការប្រឹក្សាយោបល់ពីជំនួយបច្ចេកទេសនានា ដើម្បីគាំទ្រដល់ការរៀបចំច្បាប់ និងការងារផ្សេងៗពាក់ព័ន្ធ ការងារប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យនៅកម្ពុជា។
ជាកិច្ចបន្ទាប់ លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារត្រួតពិនិត្យរួម នៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (អ.អ.ផ.) បានឡើងអានរបាយការណ៍ ស្ដីពី«លទ្ធផលការងាររបស់អនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពរបស់ ក្រុមការងារត្រួតពិនិត្យរួម នៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក អំពីកិច្ចសហប្រតិបត្តិការអន្ដរជាតិ» ជូនសម្ដេចក្រឡាហោម ស ខេង និងអង្គពិធីទាំងមូលថា លទ្ធផលដ៏ល្អប្រសើរដែលកម្ពុជាសម្រេចបាននេះ គឺកើតឡើងដោយសារមូលហេតុសំខាន់ចំនួន២ គឺទី១-ក្រសួង-ស្ថាប័ន្ធអនុវត្តច្បាប់ ដែលមានការពាក់ព័ន្ធបានបង្កើតឱ្យមានក្រុមការងារប្រឆាំងការសម្អាតប្រាក់ប្រចាំក្រសួង-ស្ថាប័ន្ធ របស់ខ្លួន និងបានគាំទ្រកិច្ចសហការពេញលេញ លើការអនុវត្តប្រយុទ្ធប្រឆាំងការសម្អាតប្រាក់នៅកម្ពុជា និងទី២-អនុគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ បានផ្លាស់ប្ដូរនូវវិធីសាស្ដ្រការងារប្រយុទ្ធប្រឆាំងសម្អាតប្រាក់ចំពោះបទល្មើសនីមួយៗ ជាពិសេស ការគម្លាតការស៊ើបអង្កេតដល់ការសម្អាតប្រាក់ចំពោះបទល្មើសនានាដែលមានហានីភ័យខ្ពស់ដល់ការអនុវត្តស្របតាមស្ដង់ដារហៅកាត់ថា SOP ប្រឆាំងការសម្អាតប្រាក់ដែលត្រូវបានបង្កើតឡើងនៅតាម ក្រសួង-ស្ថាប័ននីមួយៗ។
ជាទីបញ្ចប់ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ក្នុងនាម (គ.ស.ហ) និងឮក្នុងនាមរាជរដ្ឋាភិបាលសម្តេច បានធ្វើការថ្លែងអំណរគុណចំពោះបណ្តាប្រទេសជាមិត្ត និងដៃគូរអភិវឌ្ឍន៍ដែលកន្លងមកបានជួយគាំទ្រ និងជួយជ្រោមជ្រែងការងារប្រឆាំងនឹងការសម្អាតប្រាក់ រហូតបានផលមកដល់ពេលបច្ចុប្បន្នតាមរយៈការផ្តល់ជំនួយបច្ចេកទេស និងលិខិតគតិយុទ្ធដែលមានការពាក់ព័ន្ធ។
សម្តេចក្រឡាហោម ក៏បានស្នើដល់តំណាងអង្គទូត និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលមានវត្តមានក្នុងកិច្ចប្រជុំនេះ បន្តផ្តល់នូវកិច្ចសហការ និងការគាំទ្របន្ថែមទៀត ដល់កម្ពុជាលើ ០២ចំណុច ក្នុងនោះចំណុចទី១ សូមបន្តជួយគាំទ្របន្ថែមទៀត នូវបច្ចេកទេសក្នុងការប្រឆាំងការសម្អាតប្រាក់ជាពិសេសតាមរយៈការពង្រឹងសមត្ថភាពបច្ចេកទេសរបស់យន្តការប្រឆាំងការសម្អាតប្រាក់ ដើម្បីសម្រេចទិសដៅការងាររួម ដើម្បីឱ្យការងារនេះមានប្រសិទ្ធភាព ចំណុចទី២ ជួយពាំនាំនូវសមទ្ធិផលការងារដែលកម្ពុជាសម្រេចបាន ទាំងលើកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្ត ទាំងផ្នែកនយោបាយ ផ្នែកបច្ចេកទេសដល់ប្រទេស និងរដ្ឋាភិបាលខ្លួន៕
ដោយ៖ សហការី