ភ្នំពេញ ៖ សំណុំរឿងប្តីប្រពន្ធវ៉ៃគ្នា(កំពុងប្តឹងលែងលះ ប៉ុន្តែតុលាការមិនទាន់ចេញសាលក្រម) ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់(ភាគីប្រពន្ធ)បញ្ជូនទៅតុលាការកាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ពាក់ព័ន្ធករណីប្រើអំពើហិង្សាព្រួតគ្នាវាយភាគីខាងប្តី ។ ស្ត្រីជាជនជាប់សង្ស័យឈ្មោះ បូ រ៉ានី អាយុ៣៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ១៣១A៨ ផ្លូវលំ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ដើមចមនៃការឃាត់ខ្លួនស្ត្រីខាងលើនេះ ត្រូវបានប្រភពព័ត៌មានបង្ហើបឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសមួយ(ព្រួតគ្នាវាយទៅលើជនរងគ្រោះបណ្តាលឱ្យមានរបួសយ៉ាងធ្ងន់ធ្ងរ)ស្ថិតនៅក្នុងបុរីអ័រគីដេ ផ្លូវជាតិលេខ៦A ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បង្កដោយភាគីជនសង្ស័យមានគ្នា៥នាក់ (ខាងប្រពន្ធ) ។
ក្រោយកើតហេតុភាគីខាង(ប្តី)ដែលរងរបួសបានទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចឱ្យជួយចាត់ការលើករណីហិង្សានេះ ទើបសមត្ថកិច្ចបានសុំការអនុញ្ញាតពីស្ថាប័នអយ្យការឃាត់ខ្លួនភាគីដែលជាជនបង្កហេតុនាំទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។
តាមពាក្យបណ្តឹងបានបញ្ជាក់ថា នៅថ្ងៃខែខាងលើភាគីដើមបណ្តឹង(ប្តី)និង ប្អូនស្រី រួមជាមួយមិត្តភក្តិប្អូនស្រីម្នាក់ទៀតបាននាំគ្នាទៅមើលផ្ទះដែលទិញបង់រំលស់នៅបុរីអ័រគីដេ ព្រែកលៀប (ផ្ទះទិញរួមគ្នាជាមួយប្រពន្ធ) ក្នុងគោលបំណងលក់វិញ ។ លុះពេលទៅដល់ស្រាប់តែឈ្មោះបូ រ៉ានី (ភាគីខាងប្រពន្ធ)និងបក្ខពួក៤នាក់(ប្រុស២នាក់) បានធ្វើសកម្មភាពដោយប្រើប្រាស់ទូរស័ព្ទដៃថតឡាយភាគីខាងប្តីដែលកំពុងដើរមើលក្នុងផ្ទះនោះ បង្កឱ្យកើតមានជម្លោះឈានដល់ភាគីខាងប្រពន្ធព្រួតគ្នាវាយទាត់ធាក់ទៅលើភាគីខាងប្តីទាំង៣ នាក់ ខ្លះបែកក្បាល ខ្លះបែកចិញ្ចើម បែកគុម្ពត្រចៀក របួសកែងដៃ ជាំភ្លៅ និង ដាច់សក់ទាំងដុំៗ រួចហើយក្រុមជនបង្កបាននាំគ្នាគេចខ្លួនបាត់អស់ទៅ។
តាមចម្លើយជនសង្ស័យឈ្មោះ បូ រ៉ានី នៅមុខសមត្ថកិច្ចក៏បានទទួលស្គាល់ដែរថា ខ្លួននិងបក្ខពួកពិតជាបានព្រួតគ្នាធ្វើសកម្មភាពវាយទៅលើភាគីម្ខាងទៀត(ប្តី)ប្រាកដមែន ។ ដោយយោងទៅពាក្យបណ្តឹងរបស់ភាគីខាងរងរបួស និងចម្លើយសារភាពរបស់ជនសង្ស័យស៊ីចង្វាក់គ្នា និងពាក់ព័ន្ធបទល្មើស សមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ដែលសំណុំរឿងនេះបានស្ថិតនៅលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងបើកការស៊ើបសួរ ។
សូមបញ្ជាក់ថា ដើមបណ្តឹង និង ចុងចោទឈ្មោះ បូ រ៉ានី ជាប្តីប្រពន្ធ មានរឿងក្តីក្តាំប្តឹងផ្តល់គ្នានៅតុលាការ ដោយសុំផ្តាច់អនីតិសង្វាស (លែងលះ) ព្រោះតែការរស់នៅមិនចុះសម្រុងគ្នា ។ ប៉ុន្តែបណ្តឹងនោះតុលាការមិនទាន់សម្រេចយ៉ាងណានៅឡើយទេ ពោលគឺទាំង២ នាក់ប្តីប្រពន្ធមិនទាន់មានសាលក្រមលែងលះជាផ្លូវការនោះដែរ ។ ការសាកសួរជនសង្ស័យបានអូសបន្លាយរហូតដល់ល្ងាចថ្ងៃទី២៩ ខែមិថុនា ទើបតំណាងអយ្យការបានផ្ញើជនសង្ស័យទៅសមត្ថកិច្ចវិញ ដោយមិនទាន់សម្រេចយ៉ាងណានៅឡើយទេ ៕
ដោយ ៖ រ៉ារ៉ា