ខេត្តព្រះវិហារ ៖ ក្រោយពីស្ងប់ស្ងាត់អស់រយៈពេលជិត២ខែ ជំងឺកូវីដ-១៩ ពេលនេះបានចាប់ផ្តើមរកឃើញឡើងវិញ កាលពីថ្ងៃ ២៨ ខែ មិថុនា ឆ្នាំ ២០២២ ជាករណីឆ្លងសហគមន៍ និងបន្ទាប់ពីទទួលបានសារពិសេស របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងផ្តាំផ្ញើរ ដល់ជនរួមជាតិ នៅទូរទាំងប្រទេស ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះ ជម្ងឺកូវីដ-១៩ រួចមក ។
នៅរសៀលថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២២ លោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ និង ជាអ្នកនាំពាក្យសាលាដំបូងខេត្ត បានបន្តចែកម៉ាស់ ចំនួន ១៥០០០ ម៉ាស់ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋនៅក្នុង ក្រុងព្រះវិហារ ក៏ដូចចែកជូនបងប្អូនអាជីវករផ្សាកំពង់ប្រណាកផងដែរ ។
លោក វុធ សាវី បានឱ្យដឹងថា ក្រោយពីបានស្តាប់សារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ស្តីពីការឆ្លងជម្ងឺកូវីដ-១៩ ឡើងវិញ លោក រួមជាមួយក្រុមការងារ បានយកម៉ាស់ចំនួន ១៥០០០ ម៉ាស់ យកមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋនឹងអាជីវករក្នុងផ្សារកំពង់ប្រណាក ខេត្តព្រះវិហារ និងដើម្បីចូលរួមចំណែកក្នុងការការពារ ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ នៅក្នុងសហគមន៍ ។
នៅក្នុងឱកាសចែកម៉ាស់ជូនប្រជាពលរដ្ឋ លោក វុធ សាវី ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នអោយបានខ្ពស់បំផុត ត្រូវរក្សាគម្លាត លាងដៃ ពាក់ម៉ាស់ពិសេសត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល គឺ ៣កុំ ៣ការពារ។
លោក វុធ សាវី បានបញ្ជាក់ថា ការចែកម៉ាស់ជូនប្រជាពលរដ្ឋនៅតែចែកបន្តបន្ទាប់ទៀត ដើម្បីការពារការឆ្លងរីករាលដាលក្នុងសហគមន៍ ។
សូមបញ្ជាក់ជូនផងដែរថា ខេត្តព្រះវិហារ រាជរដ្ឋាភិបាលបានសម្រេចលើកលែងការពាក់ម៉ាស់ដោយស្ម័គ្រចិត្តនៅទីសាធារណៈ តែពាក់ម៉ាស់ក្នុងបន្ទប់បិទជិត៕
ដោយ៖ អ្នកប្រមាញ់