ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុត្រូវពន្យារពេលដាក់ឱ្យដំណើរការនៅខែកញ្ញា

ចែករំលែក៖

ភ្នំពេញ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុត្រូវដាក់ឱ្យដំណើរការនៅខែកក្កដា គម្រោងដាក់ឱ្យដំណើរ ការសាកល្បងផ្លូវ​ល្បឿនលឿន​​ពីភ្នំពេញទៅខេត្តព្រះ សីហនុ ត្រូវបានពន្យារពេលទៅខែ កញ្ញា ឆ្នាំ ២០២២ ខាងមុខវិញ។ បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការនិងដឹកជញ្ជូនគឺមានមូលហេតុ២សំខាន់ដែលនាំឱ្យមានការពន្យារពេលនេះ។

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋម​ន្រ្តីក្រសួងសាធារ ណការនិងដឹកជញ្ជូនធ្លាប់ប្រកាសឱ្យដឹងថា ផ្លូវល្បឿនលឿនដំបូង​គេនៅកម្ពុជា ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ នឹងដាក់ឱ្យដំណើរការនៅខែ កក្កដា ឆ្នាំ ២០២២។ ប៉ុន្តែគម្រោងការនេះ ត្រូវបានពន្យារ ទៅខែ កញ្ញា ក្នុងឆ្នាំនេះវិញ ដោយសារមូលហេតុពីរយ៉ាង។

លោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ដោយសារទី១ បញ្ហាអាកាស ធាតុ មានភ្លៀងធ្លាក់ច្រើន ជាឧបសគ្គដល់ក្រុមការងារសាងសង់ និងទី២ ទាក់ទងពេលវេលាវិសមកាលរបស់ក្រុមការងារសាងសង់។ ទោះយ៉ាងលោកបានបញ្ជាក់ថា គិតមកដល់ពេលនេះ ផ្លូវល្បឿនលឿនេះ សម្រេចបានជាង ៩០ភាគរយ ដោយក្រុមការងារការដ្ឋានកំពុងរៀបចំសាងសង់ទ្រូងផ្លូវ ខឿន និងរបងការពារសុវត្ថិផ្លូវ។

 លោក ស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណការ បាន ជំរុញដល់ក្រុមហ៊ុនសាងសង់ផ្លូវខិតខំ សម្រុកធ្វើឱ្យបានទាន់ពេលដាក់ឱ្យដំណើរការ នៅខែ កញ្ញាខាងមុខនេះ។

ទន្ទឹមនឹងការគ្រោងដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿននេះ លោក គង់ វិមាន អំពាវនាវដល់ប្រជា ពលរដ្ឋ អ្នកធ្វើដំណើរត្រូវមានការប្រុងប្រយ័ត្នខ្ពស់ គោរពច្បាប់ចរាចរណ៍ពេលបើកបរ ដើម្បីសុវត្ថិភាពទាំង អស់គ្នា នៅលើដងផ្លូវ។ លោកក៏បានក្រើនរំលឹកដល់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ​យកចិត្តទុកដាក់គោរព និងអនុវត្តតាមការកំណត់ដែលមាននៅក្នុងច្បាប់ ដោយកុំដឹកលើសទម្ងន់ ដើម្បីការពារផ្លូវថ្នល់ឱ្យប្រើប្រាស់ជាប់បានយូរ។

គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ មាន​ប្រវែង ១៨៧,០៥ គីឡូម៉ែត្រ ដែល​បាន​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃ​ទី​២២ ខែមីនា នឹង​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៣ ​ដោយប្រើប្រាស់ថវិកាប្រមាណ ២,០១៩​លាន​ដុល្លារ​សហរដ្ឋអាមេរិក។ ​ផ្លូវ​នេះ​ត​ភ្ជាប់​ពី​ភូមិ​១ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដល់​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ។

ផ្លូវល្បឿនលឿននេះ មាន​គន្លង​ផ្លូវ​ចំនួន​៤​គន្លង ទទឹង​ផ្លូវ​សរុប ២៤,៥ ម៉ែត្រមាន​ផ្លូវបំបែក​ទិស​៧​កន្លែងមាន​កន្លែង​ឈប់​សម្រាក​ចំនួន​៣​កន្លែង ចំណតរថយន្ត​១​កន្លែង មណ្ឌល​ប្រតិបត្តិការ និង​ថែទាំ​ចំនួន ៤​កន្លែង ស្ពាន​ធំ និង​ស្ពាន​មធ្យម​ចំនួន​៤០​កន្លែង ស្ពាន​តូច​ចំនួន​៥​កន្លែង ដែល​ឆ្លងកាត់​រាជធានី​ភ្នំពេញ ប្រមាណ ៨​គីឡូ ម៉ែត្រ និង​ខេត្ត​ចំនួន​០៤​បួន ក្នុង​នោះ ៖ ខេត្តកណ្តាល​ប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុង​ប្រវែង​១,៩២ គីឡូម៉ែត្រ និង​ខេត្ត​ព្រះ​សីហ​នុ​ប្រវែង ៨៩,៨៩​គីឡូម៉ែត្រ៕

ដោយ៖ សូរិយា


ចែករំលែក៖