ព័ត៌មានទាន់ហេតុការណ៍៖

អ្នកសារព័ត៌មានម៉ិចស៊ីកូរងការបាញ់សម្លាប់នៅមុខផ្ទះ

ចែករំលែក៖

អ្នកសារព័ត៌មានម្នាក់ទៀតរបស់ម៉ិចស៊ីកូ នៅថ្ងៃទី២៩ខែមិថុនាបានរងការបាញ់សម្លាប់ ដែលធ្វើឱ្យអ្នកសារព័ត៌មានរងការសម្លាប់កើនឡើងដល់១២នាក់ហើយនៅក្នុងឆ្នាំ២០២២នេះ ធ្វើឲ្យប្រទេសនេះក្លាយទៅជាប្រទេសគ្រោះថ្នាក់បំផុតនៅលើពិភពលោកសម្រាប់អ្នកសារព័ត៌មាន ។
លោក Antonio de la Cruz អាយុ៤៧ឆ្នាំ ជាអ្នកសារព័ត៌មានបានរងការបាញ់សម្លាប់នៅថ្ងៃទី ២៩ខែមិថុនា ពេលលោកចាកចេញពីផ្ទះជាមួយកូនស្រី បណ្តាលឱ្យលោកស្លាប់នៅនឹងកន្លែង ចំណែកកូនស្រីរបស់លិករងរបួសធ្ងន់ ។
លោក Antonio de la Cruz បានធ្វើជាអ្នកសារព័ត៌មាន Expreso ក្នុងរយៈពេលជិត៣០ឆ្នាំ។ លោករងការបាញ់សម្លាប់នៅមុខផ្ទះក្នុងតំបន់ Ciudad Victor ក្នុងរដ្ឋ Tamaulipas ជិតព្រំដែនអាមេរិក ។ តំបន់ខាងលើ គឺជាទីកន្លែងដែលមានអំពើហិង្សាកើនឡើងខ្ពស់ពាក់ព័ន្ធក្រុមជួញដូរគ្រឿងញៀន។
សារព័ត៌មាន Expreso បានផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ក្នុងនោះក៏មានបញ្ហាសន្តិសុខផងដែរ ។ ចំណែកអ្នកសារព័ត៌មានដែលរងការសម្លាប់នេះគឺជំនាញខាងសង្គមនិងជនបទ ដូចជាស្ថានភាពខ្វះទឹកសម្រាប់ពលរដ្ឋប្រើប្រាស់ជាដើម៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Reuters


ចែករំលែក៖