ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំនៃក្រសួងចំនួនពីរ គូសបញ្ជាក់ពីសារៈសំខាន់នៃសៀវភៅទេសចរណ៍ថា្នក់ទី១១ ដែលជាសមិទ្ធផលមួយកើតចេញពីការគាំទ្រ និងកិច្ចសហការដ៏ល្អក្រសួងអប់រំ និងក្រសួងទេសចរណ៍

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹងថា​ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងទេសចរណ៍ មានរៀបចំពិធីផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់សៀវភៅទេសចរណ៍ថ្នាក់ទី១១ ក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកបណ្ឌិត អុឹម កុច រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងទាំងពីរ មន្ទីរទេសចរណ៍ មន្ទីរអប់រំ យុវជន និងកីឡា លោក លោកស្រី នាយកគ្រឹះស្ថានសិក្សាអប់រំ និងសាលាបណ្តុះបណ្តាល សាស្រ្តាចារ្យ សមាគមក្នុងឧស្សាហកម្មទេសចរណ៍ យុវជន និងសិស្ស និស្សិត ប្រមាណ ២៥០ នាក់។ 

នៅក្នុងអង្គពិធីនេះ ថ្នាក់ដឹកនាំនៃក្រសួងទាំងពីរបាន គូសបញ្ជាក់ពីសារៈសំខាន់នៃសៀវភៅទេសចរណ៍ថា្នក់ទី១១ ដែលជាសមិទ្ធផលមួយកើតចេញពីការគាំទ្រ និងកិច្ចសហការដ៏ល្អក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងទេសចរណ៍ នៅក្នុងការជំរុញការដាក់បញ្ចូលកម្មវិធីសិក្សាទេសចរណ៍ទៅក្នុងកម្មវិធីសិក្សាអប់រំវិជ្ជាជីវៈជម្រើសក្នុងសាលាចំណេះទូទៅ។ 

ការដាក់បញ្ចូលកម្មវិធីសិក្សាទេសចរណ៍នៅក្នុងកម្មវិធីសិក្សាអប់រំវិជ្ជាជីវៈជម្រើសក្នុងសាលាចំណេះទូទៅនេះ នឹងដើរតួនាទីសំខាន់នៅក្នុងការទម្រង់ទិស និងការទាក់ទាញដល់យុវជន និងសិស្សានុសិស្ស ឱ្យឃើញពីសារៈសំខាន់នៃវិស័យទេសចរណ៍ និងចាប់យកការសិក្សា និងអាជីពទេសចរណ៍ ដែលជាកត្តាចូលរួមសម្រេចនូវចក្ខុវិស័យនៃការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ឱ្យបានប្រមាណ ១ លាននាក់នៅក្នុងឆ្នាំ ២០២៥ ១.៥លាននាក់ នៅក្នុងឆ្នាំ២០៣០ និង ០២ លាននាក់នៅក្នុងឆ្នាំ ២០៣៥។ 

ជាពិសេស ការដាក់ឱ្យប្រើប្រាស់សៀវភៅទេសចរណ៍ថ្នាក់ទី ១១ នេះ គឺសកម្មភាពយុទ្ធសាស្រ្តមួយនៅក្នុងការចូលរួមសម្រេចនូវផែនការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដើម្បីចូលរួមជំរុញការបណ្តុះបណ្តាល និងលើកកម្ពស់ការធនធានអ្នកជំនាញទេសចរណ៍ឱ្យឆ្លើយតបទាំងបរិមាណ និងគុណភាពស្របតាមតម្រូវការអភិវឌ្ឍន៍ក្នុងវិស័យទេសចរណ៍៕

ដោយ​៖សហការី​


ចែករំលែក៖