ខេត្តកំពង់ធំ៖ ឆ្នាំនេះផ្លែទុរេនរបស់ប្រជាកសិករនៅស្រុកសណ្តាន់មានការប្រមូលផលល្អគួរអោយគត់សំគាល់ខ្លាំងណាស់ ពីមួយឆ្នាំ ទៅមួយឆ្នាំ គឺមានការកើនឡើងជាបន្តបន្ទាប់ ហើយរស់ជាតិ ឆ្ងាញ់ផ្អែម មិនចាញ់តាមបណ្តាលខេត្តផ្សេងៗឡើយ ចំណែកតម្លៃវិញនេះក៏មិនខុសគ្នាដែរ ។ នេះបេីតាមការបញ្ជាក់ពីលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានថ្លែងឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ទី៣០ ខែមិថុនា ឆ្នាំ២០២២។
ជាក់ស្ដែងបេីតាមការលើកឡើងរបស់ប្រជាកសិករ លោក ប៉ាល់ អាត ជាម្ចាស់ចំការ ទុរេន មានទីតាំងស្ថិតនៅ ភូមិអូរពកសាមគ្គី ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានរៀបរាប់ថា៖ ចំការទុរេន របស់គាត់ដាំក្នុងផ្ទៃដីប្រមាណ ៥ហិកតា សម្រាប់ទិន្នផលឆ្នាំនេះគឺទទួលបានផលច្រើន បើប្រៀបធៀបទៅនឹងឆ្នាំមុនគឺកើន រហូតដល់ទៅ ៥ដង ។ ដោយឡែកសម្រាប់តម្លៃក្នុងទីផ្សារវិញឆ្នាំមុន តម្លៃរាយគាត់លក់បាន១គីឡូក្រាម ២៧.០០០រៀល ទៅ ៣០.០០០រៀល និងតម្លៃបោះឲ្យម៉ូយ បាន ២៥.០០០រៀល ទៅ ២៧.០០០រៀល ក្នុង១គីក្រាម។ ប៉ុន្តែក្នុងឆ្នាំនេះដល់ខែទទួលផល ទុរេន ពួកគាត់លក់បានត្រឹមតែ ១៨.០០០រៀល ទៅ ២០.០០០រៀល ជាតម្លៃលក់រាយ ក្នុង១គីឡូក្រាម និងតម្លៃបោះដុំបាន ១៦.០០០រៀល ឬ ១៧.០០០រៀលតែប៉ុណ្ណោះ។ ការបោះដុំ និងលក់រាយក្នុងទីផ្សារក្បែរចំការ ទុរេន របស់ពួកគាត់ក៏មានការកម្ម៉ង់ទិញនៅតាមបណ្ដាខេត្តដូចជា ខេត្តកំពង់ឆ្នាំង ខេត្តសៀមរាប រាជធានីភ្នំពេញ ខេត្តតាកែវ ជាពិសេសភាគច្រើនគឺក្នុងខេត្តកំពង់ធំតែម្ដង។
ជាមួយគ្នានោះ ប្រជាកសិករម្នាក់ទៀតឈ្មោះ ហេង សុខ ក៏បានឱ្យដឹងដែរថា រាល់ថ្ងៃនេះគាត់បានដាំទុរេននេះមានចំនួន២៥០ដើម ក្នុង១ថ្ងៃ ប្រមូលជាមធ្យមបាន ២៥០គីឡូក្រាម បច្ចុប្បន្ននេះ ទុរេនគាត់ លក់រាយបានតម្លៃ២០.០០០រៀល លក់ដុំតម្លៃ១៥.០០០រៀល ហើយចំការរបស់គាត់ពុំមានលាយផ្សំសាធាតុគីមីឡើយ គឺប្រើប្រាស់តែជីធម្មជាតិពិតពិត ហើយការទិញទៅទទួលទាន ក៏មិនប៉ះពាល់ដល់សុខភាពឡើយ ។
ដោយឡែកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ លោក ប៉ែន វណ្ណរិទ្ធ ក៏បានឱ្យដឹងថ្ងៃទី៣០ ខែមិថុនានេះដែរថា៖ ផ្លែទុរេននៅស្រុកសណ្តាន់ ខេត្តកំពង់ធំ ក៏ជាទុរេនជាប់លំដាប់ល្អជាងគេមួយដែរ ក្នុងចំណោមទុរេនល្បីៗ ពីកំពត និង កំពង់ចាម ឬក៏តំបន់ ផ្សេងទៀត។ ចំពោះទុរេនស្រុកសណ្ដាន់ ជាទូទៅភ្ញៀវទៅទិញដល់ចម្ការតែម្តង និង ម៉ៅឱ្យអ្នកនៅទីក្រុងភ្នំពេញផងដែរ។
ជាមួយគ្នានោះ អាជ្ញាធរខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ចូលរួមលើកទឹកចិត្តដល់ការបង្កបង្កើនដំណាំលក្ខណៈធម្មជាតិរបស់កសិករខ្មែរ ដែលប្រកបដោយលក្ខណៈធម្មជាតិ និងទទួលទានដោយសុវត្ថិភាព ចំពោះសុខភាព ប្រសើរជាងការទទួលទានទុរេននាំចូល៕
ដោយ៖សហការី