ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យលោក Ruth ko ស្លាប់ ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាររសៀលថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៥ បានបញ្ជាក់ថា តំណាងអយ្យការសម្រេចចោទប្រកាន់ លើអ្នកបើកបររថយន្តឈ្មោះ ណឹម ណាង ភេទប្រុស កើតឆ្នាំ១៩៨៩ (ឃាត់ខ្លួន) ពីបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់អ្នកដទៃ តាមបទប្បញ្ញត្តិមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបានបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី ០៦ ខែ មករា ឆ្នាំ២០២៥ វេលាម៉ោង០១និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចំណុចមុខច្រកចូលបុរីប៉េងហួត លើផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ រវាងរថយន្តមួយគ្រឿងម៉ាក LEXUS RX-330 ពណ៌ស ផ្លាកលេខ ខេមរភូមិន្ទ 09 2.4771 ជាមួយនឹងម៉ូតូមួយគ្រឿង ម៉ាក HONDA CRF ពណ៌ខ្មៅ ផ្លាកលេខ បាត់ដំបង 1AL-9616 បណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ ដាវិឌ ឬទ្ធិរុទ្រ ភេទប្រុស អាយុ២៤ឆ្នាំ ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។ ផ្អែកតាមការសន្និដ្ឋានរបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ករណីខាងលើនេះ កើតឡើងដោយសារអ្នកបើកបររថយន្តបើកបត់ឆ្វេងឆ្លងផ្លូវមិនគោរពសិទ្ធិយានផ្លូវត្រង់ ចំណែកអ្នកបើកបរម៉ូតូបើកបរក្នុងល្បឿនលឿន។

បច្ចុប្បន្ន ជនត្រូវចោទជាអ្នកបើករថយន្ត ត្រូវបញ្ជូនទៅកាន់ដំណាក់កាលចៅក្រមស៊ើបសួរបន្ត៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖