ព័ត៌មានទាន់ហេតុការណ៍៖

លោក ប៊ុន ឆាន់ ប្តូរពីការពឹងលើធនធានធម្មជាតិ មករកចំណូលពីទេសចរណ៍ធម្មជាតិវិញ

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ លោក ប៊ុន ឆាន់ អាយុ៦០ឆ្នាំ ម្ចាស់ផ្ទះស្នាក់មួយ ក្នុងចំណោមផ្ទះស្នាក់ជាច្រើន នៅតំបន់ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំង ស្ថិតនៅភូមិមុខវត្ត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ពីមុនគ្រួសារលោក ប៊ុន ឆាន់ មានមុខរបរជាអ្នកនេសាទ រកត្រីយកមកលក់ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត និងគ្រួសារតែប៉ុណ្ណោះ។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​ព័ត៌មាន​។ 

ដោយលោកយល់ថា មុខរបរនេសាទ មិនអាចជាប់លាប់ស្ថិតស្ថេរ និងធ្វើឱ្យជីវភាពគ្រួសារបានល្អប្រសើរនោះ ពួកគាត់ក៏មានគំនិត បង្កើតជាផ្ទះស្នាក់មួយតាំងពីឆ្នាំ២០១៩ សម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចង់មកសម្រាកលម្ហែនៅតំបន់ទេសចរណ៍កំពង់ឃ្លាំងនេះ។

ទេសចរជាតិ និងអន្តរជាតិ បានមកសម្រាកជាហូរហែរ ឥតដាច់ ទោះក្នុងស្ថិតក្នុងពេលវិបត្តិជំងឺកូវីដ១៩ ក៏ដោយ។ ភ្ញៀវដែលមកសម្រាកនៅ កន្លែងនេះ ត្រូវចំណាយក្នុងម្នាក់១០ដុល្លារ និងអាហារចាប់ពី៣ដុល្លារ ទៅ៧ដុល្លារ ក្នុង១ថ្ងៃ។

លោក សោ ប៊ុនចំរ៉ុង សមាជិកសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំង បានឲ្យដឹងថានៅទីនេះភ្ញៀវទេសចរអាចមកទស្សនា លំនៅឋានប្រជាពលរដ្ឋខ្ពស់ៗ ផុតពីទឹក ផ្ទះបណ្តែតទឹក តំបន់ព្រៃលិចទឹក សត្វស្លាប និងទស្សនាផ្ទៃបឹងទន្លេសាបជាដើម។ ក្រោយពេលបង្កើតជាសហគមន៍មក ប្រជាពលរដ្ឋមួយភាគធំ បានប្រកបរបរផ្តល់សេវាទេសចរណ៍ ដូចជា បើកទូក កាណូតជូនភ្ញៀវទស្សនាបឹងទន្លេសាប ផ្តល់សេវាកម្មផ្នែកម្ហូបអាហារ និងបង្កើតជាផ្ទះស្នាក់នៅសម្រាប់ភ្ញៀវមកសម្រាក់លម្ហែជាដើម។ 

សូមបញ្ចាក់ថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួន២០០ ទៅ ៣០០នាក់ ក្នុងមួយថ្ងៃ បានទៅទស្សនាតំបន់សហគមន៍កំពង់ឃ្លាំង និងមានអ្នកខ្លះបានចំណាយលើការស្នាក់នៅតាមផ្ទះសហគមន៍ចំនួន៦កន្លែង ក្នុងនោះមានផ្ទះរបស់លោក ប៊ុន ឆាន់ ផងដែរ៕

រូបភាព៖ វិទ្យុជាតិកម្ពុជា


ចែករំលែក៖