ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ជា ចន្ទន៍ធូ ៖​ ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាអន្តរវិស័យ ដែលបង្កឱ្យមានការគំរាមកំហែងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន ហើយប្រទេសកម្ពុជាងាយរងគ្រោះខ្លាំង

ចែករំលែក៖

ខេត្តកំពង់ធំ ៖ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ក្រោមការគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (CCCA3) បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការប្រែប្រួលអាកាសធាតុដល់មន្រ្តីថ្នាក់ក្រោមជាតិ ពីថ្ងៃទី២៩-៣០ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់ ខេត្តកំពង់ធំ។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០២២។ 

សិក្ខាសាលានេះមានគោលបំណងពង្រឹងសមត្ថភាព និងការយល់ដឹងដល់សហគមន៍មូលដ្ឋាន អាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិអំពីការប្រែប្រួលប្រួលអាកាសធាតុ និងការរៀបចំកសាងផែនការនិងយន្តការឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធភាព។  សិក្ខាសាលានេះប្រព្រឹត្ដទៅក្រោមអធិបតីភាពលោក ជា ចន្ទន៍ធូ អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត តំណាងរដ្ឋបាលខេត្តកំពង់ធំ តំណាងគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ មន្រ្តីពាក់ព័ន្ធនិងសហគមន៍មូលដ្ឋានមកពីខេត្តកំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និងស្ទឹងត្រែងសរុបចំនួន ៧៥រូប។ 

ថ្លែងក្នុងសុន្ទរកថាបើក លោក ជា ចន្ទន៍ធូ បានលើកឡើងថាការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាអន្តរវិស័យ ដែលបង្កឱ្យមានការគំរាមកំហែងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន ហើយប្រទេសកម្ពុជាងាយរងគ្រោះខ្លាំងពីការប្រែប្រួលអាកាសធាតុ បង្កជាផលប៉ះពាល់ដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះធ្ងន់ធ្ងរ កំណើនកម្ពស់ទឹកសមុទ្រជាដើម។ លោកបានបន្ថែមទៀតថាដោយសារប្រទេសមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ទើបធ្វើឱ្យរាជរដ្ឋាភិបាលមានឱកាសគិតគូរ ដល់ការងារប្រែប្រួលអាកាសអាធាតុទាំងនេះ ទាំងនៅថ្នាក់ជាតិ តំបន់ និងលើឆាកអន្តរជាតិ។ ការប្រែប្រួលអាកាសធាតុត្រូវបានបញ្ជ្រាបទៅក្នុងផែនការអភិវឌ្ឍន៍ជាតិ ផែនការតាមវិស័យ និងផែនការថវិកានិងអភិវឌ្ឍន៍ឃុំ សង្កាត់។ 

លោក​អគ្គនាយក​រង​ បានសង្កត់ធ្ងន់ថា សកម្មភាពអប់រំបណ្តុះបណ្តាលបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងពុទ្ធិ និងជំរុញលើកទឹកចិត្តប្រជាជនឱ្យធ្វើសកម្មភាពបន្ថែមទៀតក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសនៅថ្នាក់មូលដ្ឋាន។ ហេតុនេះ សិក្ខាសាលាបណ្តុះបណ្តាលនេះជាសក្ខីភាពមួយនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការបង្កើនកិច្ចសហការបន្ថែមទៀតរវាងគ្រប់ភាគីក្នុងការធ្វើសកម្មភាពរួមគ្នាដើម្បីធានាថាការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយគ្មានភាគីណាមួយដែលត្រូវបានមើលរំលងនោះឡើយ។

ជាលទ្ធផល សិក្ខាសាលាបានផ្ដល់ជូននូវបទបង្ហាញអំពី (១) និយមន័យ មូលហេតុ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងយន្តការបន្ស៊ាំ (២) ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ  ពិសេសវិស័យព្រៃឈើ និងយន្តការ REDD+  (៣) យេនឌ័រ គោលនយោបាយ និងការឆ្លើយតបរបស់រាជរដ្ឋាភិបាលចំពោះការប្រែប្រួលអាកាធាតុ (៤) ការគ្រប់គ្រងចំណេះដឹងនិងព័ត៌មានការប្រែប្រួលអាកាសធាតុ (៥) ការអនុវត្តសកម្មភាពផែនការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅថ្នាក់ក្រោមជាតិ។ សិក្ខាកាមបានចែករំលែកបទពិសោធន៍ និងកំណត់បានបញ្ហាប្រឈម ការអនុវត្តល្អៗ នៃការរៀបចំគម្រោង និងផែនការសកម្មភាពឆ្លើយតបនៅតាមមូលដ្ឋាន តាមរយៈកិច្ចពិភាក្សាជាក្រុម និងការសិក្សាផ្ទាល់អំពីគម្រោងបន្ស៊ាំនិងកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅក្នុងខេត្តកំពង់ ដែលគាំទ្រដោយកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា និងក្រសួងបរិស្ថាន៕

ដោយ​៖សហការី​


ចែករំលែក៖