ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើយតបទៅនឹងគណនីហ្វេសប៊ុកឈ្មោះ Try Kheang បានបញ្ចេញមតិក្នុងប្រអប់សារផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថា ៖ ខ្ញុំធ្វើសៀវភៅគ្រួសារយូរហើយមិនទាន់បានទៀតមេ ខ្ញុំបាទឈ្មោះ ទ្រី ឃៀង រស់នៅភូមិពោធិ៍ធំ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។ នេះបេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី០១ ខែកក្កដា ឆ្នាំ២០២២។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឲ្យលោកអធិការនគរបាលស្រុកល្វាឯម ស្រាវជ្រាវករណីខាងលើជាបន្ទាន់ ។
ជាលទ្ធផល នៅថ្ងៃព្រហស្បតិ៍ទី៣០ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញនេះ លោកអធិការ បានបញ្ជាឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រ ធ្វើការស្រាវជ្រាវ និងបានបំភ្លឺថា ៖ សៀវភៅគ្រួសាររបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Try Kheang ប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រ បានធ្វើជូនរួចរាល់ហើយ មន្ត្រីប៉ុស្តិ៍ក៏បានយកទៅចែកជូនដល់ផ្ទះតែចំពោះផ្ទះគាត់ (ម្ចាស់គណនី Try Kheang) ពុំឃើញគាត់នៅផ្ទះកម្លាំងប៉ុស្តិ៍បានទៅដល់ផ្ទះគាត់ចំនួន២ដងនៅតែពុំជួប ។
សូមបញ្ជាក់ថា សាមីខ្លួន អត់ដែលបានមកសាកសួរព័ត៌មាននៅប៉ុស្តិ៍រដ្ឋបាលអរិយក្សត្រចាប់តាំងពេលធ្វើសៀវភៅមកទល់ពេលនេះ ដោយសារគាត់ជាប់ធ្វើការនៅខេត្ត ។
បច្ចុប្បន្ន ប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រ បានទំនាក់ទំនងទៅសាមីខ្លួនរួចរាល់ហើយ ឲ្យគាត់មកទទួលសៀវភៅគ្រួសារគាត់នៅប៉ុស្តិ៍ ពេលដែលគាត់ត្រឡប់មកពីធ្វើការនៅខេត្តវិញ ។ អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕
ដោយ៖សហការី