រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានព្រមានថា ការដែលប្រទេសលោកខាងលិចបន្តផ្តល់អាវុធទៅឱ្យអ៊ុយក្រែននឹងបង្កឱ្យមានសង្គ្រាមអូសបន្លាយនៅក្នុងតំបន់អឺរ៉ុបខាងកើត។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបញ្ជាក់ទៀតថា ការដែលប្រទេសលោកខាងលិចផ្តល់អាវុធទៅឱ្យអ៊ុយក្រែនគឺមិនមានប្រសិទ្ធភាពនោះឡើយ ហើយបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំង។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ រុស្ស៉ីបានបាញ់មីស៊ីលសម្លាប់មនុស្ស១០នាក់ក្នុងទីក្រុង Odesa បន្ទាប់ពីអ៊ុយក្រែនដណ្ដើមបានកោះពស់មកវិញ។ មន្រ្តីក្នុងតំបន់ម្នាក់បាននិយាយថា មីស៉ីលរបស់រុស្ស៉ីបានវាយប្រហារលើអគារកម្ពស់៩ជាន់ក្នុងទីក្រុងកំពង់ផែ Odesa នៃតំបន់សមុទ្រខ្មៅរបស់អ៊ុយក្រែននៅព្រឹកថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់១០នាក់ មួយថ្ងៃបន្ទាប់ពីទាហានអ៊ុយក្រែនដណ្ដើមបានកោះពស់ពីទាហានរុស្ស៉ីមកវិញ។
លោក Serhiy Bratchuk អ្នកនាំពាក្យនៃរដ្ឋបាលនៃក្រុងOdesa បានឱ្យដឹងតាមរយៈសារនៅលើតេឡេក្រាមយ៉ាងដូច្នេះថា «ចំនួនអ្នកស្លាប់ដោយសារតែការវាយប្រហារដោយមីស៉ីលរបស់រុស្ស៉ីបានកើនឡើងដល់ចំនួន១០នាក់ រីឯមនុស្សចំនួន៧ នាក់រងរបួស ដែលក្នុងនោះមានកុមារចំនួន៣នាក់ផងដែរ»។ នៅពេលនេះប្រតិបត្តិការជួយសង្រ្គោះកំពុងដំណើរការ ហើយនៅមានមនុស្សមួយចំនួនទៀតកប់នៅក្រោមគំនរបែកបាក់នៃអគារដែលបានដួលរលំ។
លោក ប្រាតឈុក បានបន្ថែមថា ក្រៅពីការវាយប្រហារខាងលើនេះ ក៏មានករណីវាយប្រហារដោយមីស៉ីលមួយគ្រាប់ដាច់ដោយឡែកផ្សេងទៀតទៅលើទីតាំងកម្សាន្តមួយកន្លែង ដោយបណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួស។
ការវាយប្រហារខាងលើរបស់រុស្ស៉ី កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទាហានរុស្ស៉ីបានសម្រេចចិត្តដកថយចេញពីកោះពស់ ដោយបញ្ជាក់ថាវាជាកាយវិការសុច្ឆន្ទៈ ដើម្បីបង្ហាញថាទីក្រុងមូស្គូមិនមានបំណងបង្កការរារាំងដល់ការព្យាយាមរបស់អង្គការសហប្រជាជាតិក្នុងការបើកច្រកផ្លូវមនុស្សធម៌អនុញ្ញាតឱ្យដឹកគ្រាប់ធញ្ញជាតិចេញពីអ៊ុយក្រែនឡើយ៕ ដោយ៖ ធីរីណា
រូបថត ៖ AP
រូបថត ៖ Stratcom Centre UA