ព័ត៌មានទាន់ហេតុការណ៍៖

ទីក្រុងប៉េកាំងថា ពលរដ្ឋG7 មិនច្រើនដូច BRICS នោះឡើយ

ចែករំលែក៖

អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសថា ចំនួនពលរដ្ឋនៅក្នុងប្រទេសG7 មិនស្មើនឹងក្រុមប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន BRICS នោះឡើយ ។
នៅក្នុងព្រឹត្តិការណ៍មួយដែលពាក់ព័ន្ធនោះដែរ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានឆ្លើយតបសំណួរពាក់ព័ន្ធនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ដោយសង្កត់ធ្ងន់ថា ប្រទេស G7 គួរតែបញ្ឈប់ការវាយប្រហារនិងលាបពណ៌ចំពោះប្រទេសចិន និងឈប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ទោះជាតាមទម្រង់ណាក្តី។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមិថុនា កិច្ចប្រជុំកំពូលប្រទេស G7 លើកទី៤៨ បានចេញសេចក្តីថ្លែងការណ៍ដែលបានលើកឡើងពីប្រទេសចិនដល់ទៅ១៤ដង ដោយនិយាយឆ្ការដៃឆ្ការជើងអំពីតំបន់ហុងកុង ភូមិភាគស្វយ័តស៊ីនជាំង សិទ្ធិមនុស្ស សមុទ្រចិនខាងកើត សមុទ្រចិនខាងត្បូង ព្រមទាំងសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។
ជុំវិញបញ្ហានេះ លោក Zhao Lijian បានថ្លែងថា ប្រទេសG7 មិនអើពើនឹងគោលជំហរដ៏ម៉ឺងម៉ាត់ និងការប្រឆាំងយ៉ាងដាច់ខាតរបស់ចិន ដោយបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនជាថ្មីម្តងទៀត ព្រមទាំងបានវាយប្រហារនិងលាបពណ៌មកលើប្រទេសចិន ដើម្បីញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នា។ វាបានបង្ហាញយ៉ាងពេញលេញថា ប្រទេសG7 គ្មានបំណងធ្វើកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការដោយឈរលើមូលដ្ឋានសមភាពនិងគោរពគ្នានោះទេ បែរជាប្រកាន់ខ្ជាប់នូវគំនិតសង្គ្រាមត្រជាក់ ប្រកាន់ខ្ជាប់នូវភាពលំអៀងខាងមនោគមន៍វិជ្ជា និងអនុវត្តនយោបាយជាក្រុមដោយឈរលើផលប្រយោជន៍នៃក្រុមរង្វង់តូច៕

ដោយ៖ ធីរីណា(រូបថត៖ TWITTER)


ចែករំលែក៖