ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបើកជែងគ្នាជ្រុលទៅបុកម៉ូតូមួយគ្រឿងនៅខាងមុខបណ្ដាលឱ្យស្លាប់ម្នាក់នៅស្រុកកៀនស្វាយ

ចែករំលែក៖

    ខេត្តកណ្ដាល៖ រថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកយ៉ាងលឿនប្រឹងវ៉ាជែងរថយន្តបើកនៅខាងមុខក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងដែលបើកច្រាសទិសគ្នា បណ្ដាលឱ្យយុវជនម្នាក់ជាអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២០និង២០នាទី ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រ លេខ៣៩-៤០ ក្នុងភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

     មន្ត្រីនគរបាលចរាចរណ៍ស្រុកកៀនស្វាយបានឱ្យដឹងថា រថយន្តបង្កមិនស្គាល់ម៉ាក បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (បើកគេចខ្លួន)។ ចំណែកជនរងគ្រោះឈ្មោះ សេង ពណ្ណរាយ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែកខេត្តកណ្តាល  (ស្លាប់បាត់បង់ជីវិត)បើកបរម៉ូតូម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ប្រភេទស្រី ពាក់ស្លាកលេខ  ភ្នំពេញ 1ID-9550 ។

     ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ គេបានឃើញរថយន្តមិនស្គាល់អត្តសញ្ញាណធុនធំមួយគ្រឿង បើកក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ តាមផ្លូវជាតិលេខ១ លុះបើកមកដល់កន្លែងកើតហេតុបានបើកជែងរថយន្តមួយគ្រឿងនៅខាងមុខ ហើយទៅបុកជាមួយម៉ូតូម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ប្រភេទស្រី ពាក់ស្លាកលេខភ្នំពេញ 1ID-9550 បើកបរដោយឈ្មោះ សេង ពណ្ណរាយ ភេទប្រុស អាយុ២២ឆ្នាំ ដែលបើកបរមានទិសដៅ ផ្ទុយគ្នា បណ្តាលឱ្យស្លាប់អ្នកបើកបរម៉ូតូនៅកន្លែងកើតហេតុតែម្ដង ។ 

     ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការពិនិត្យវាស់វែង និងកសាងឯកសារដើម្បីចាត់ការតាមច្បាប់។ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ស្អាង ជ័យ


ចែករំលែក៖