ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីកម្ពុជា ៖ អ្នកបំភ័យសាធារណជនទាក់ទងនឹងកូ វីដ-១៩នឹងត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា  បានបញ្ជាទាំងយប់ឱ្យសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនមនុស្សម្នាក់ដែលបានបង្ហោះវីដេអូបំភ័យសង្គមទាក់ទងនឹងជំងឺកូវីដ-១៩ ដែលសម្ដេចថាការបង្ហោះព័ត៌មានមិនពិតបង្កការភ័យខ្លាចដល់សាធារណជនមិនមែនជាការលេងសើចនោះទេ។ 

សម្ដេចតេជោ ហ៊ុន សែន ថា«អត់ខ្វះគុកដាក់មនុស្សបែបនេះនោះទេ» គឺត្រូវមានវិធានការឆ្លើយតបឱ្យបានឆាប់រហ័ស។ 

ថ្លែងក្នុងទិវាមច្ឆាជាតិ នៅខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃសុក្រ ទី១ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន ថាការផ្សព្វផ្សាយព័ត៌មានមិនពិតបំពុលសង្គមមិនមែនជាសិទ្ធិបញ្ចេញមតិនោះទេ នឹងត្រូវបានស្រាវជ្រាវចាប់ខ្លួនភ្លាម។ 

សម្ដេចតេជោថា៖ «ផុសឡើងមួយចាប់មួយ ឡើងពីរចាប់ពីរ ព្រោះរឿងនេះអត់មានលេងសើចទេ!»។ 

ព័ត៌មានមិនពិតដែលម្ចាស់បណ្ដាញសង្គមតិកតុ ផុសនោះបង្ហាញពីមនុស្សដែលស្លាប់នៅខេត្តកោះកុងជាច្រើនខែមកហើយបានយកមកបង្ហោះសារជាថ្មីដែលបង្ករឱ្យមានការភ័យខ្លាចក្នុងចំណោមសាធារណជនក្រោយកម្ពុជារកឃើញឡើងវិញនៃជំងឺកូវីដ-១៩។

សម្ដេចតេជោថាមនុស្សមិនគួរទំនេរយកទុក្ខមកដាក់ខ្លួនដោយសាររឿងដូច្នេះនោះទេ។ 

សម្ដេចតេជោថា៖ «បើសិនជាអ្នកឯងមិនធ្វើ! តើវាងាប់ ឬរន្ទះបាញ់ឬអី? ហើយយករឿងអញ្ចឹងមកបំផុសបានការអី គ្រាន់តែដើម្បីបំពុលបរិយាកាស។ យករឿងកោះកុងមកផ្សាយ វានៅនឹងត្បូងឃ្មុំទៅយករឿងនៅកោះកុង ហើយបើមិនចាប់វាទេបន្ដិចទៀតវានឹងយករឿងនៅកន្លែងណាមួយទៀតទៅបំផុសរហូត។ អត់ទេឥឡូវចង់ដេកគុកក៏សុំអញ្ជើញធ្វើទៀតទៅ អត់ទាន់ខ្វះគុកដាក់ទេ។ កុំនិយាយថាលោក ហ៊ុន សែន ស្អីឡើងគុកស្អីឡើងគុក! ចុះបើអ្ហែងធ្វើខុសបើមិនដាក់គុកឱ្យធ្វើមិច?»

អនុប្រធានអង្គការសិទ្ធិមនុស្សលីកាដូលោក អំ សំអាត បានប្រាប់ សារព័ត៌មាន ថា, លោកមិនគាំទ្រនោះទេចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់សង្គម លោកក៏បានចាត់ទុកថានេះមិនមែនជាសិទ្ធិបញ្ចេញមតិផងដែរ។ លោកថាសិទ្ធិបញ្ចេញមតិគឺត្រូវធ្វើឡើងដោយក្រមសីលធម៌ ការរិះគន់ដើម្បីស្ថាបនា ឬការកែលម្អ។

លោកបន្ថែមថា៖ «ការបញ្ចេញមតិដោយព័ត៌មានមានពិតគឺយើងគាំទ្រនិងលើកទឹកចិត្ត តែមិនគាំទ្រចំពោះបុគ្គលណាដែលមានគំនិតទុច្ចរិតឬក៏បញ្ចេញនូវព័ត៌មានមិនពិតដែលធ្វើឱ្យមានការភ័ន្តច្រលំគឺយើងមិនគាំទ្រទេ»។ 

កម្ពុជាចាប់ផ្ដើមរកឃើញឡើងវិញនូវជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី២៨ ខែមិថុនាក្រោយ៥២ថ្ងៃដែលបាត់ទាំងស្រុងនៃជំងឺក្នុងសហគមន៍កម្ពុជា។ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារសំឡេងបន្ទាន់មួយទាំងយប់កាលពីថ្ងៃទី២៨ ខែមិថុនា ស្នើឱ្យពលរដ្ឋមានវិធានការពារហ្មត់ចត់ និងទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នាដើម្បីបញ្ជៀសការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ទ្រង់ទ្រាយធំជាថ្មី។

ជាមួយគ្នានេះប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានជំរុញដល់ពលរដ្ឋគ្រប់រូបដែលមានគម្លាត៣ខែពីការចាក់វ៉ាក់សាំងកូវីដ-១៩ លើមុនអញ្ជើញទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា ទាំងដូសជំរុញទី៣ ទី៤ និងទី៥។ លោកស្រីបញ្ជាក់ថាពលរដ្ឋអាចទៅចាក់វ៉ាក់សាំងបាននៅតាមទីតាំងចាក់វ៉ាក់សាំង និងមណ្ឌលសុខភាព ដោយគ្មានការបែងចែកអ្នកដែលចាក់វ៉ាក់សាំងដោយទាហាន ឬក្រុមគ្រូពេទ្យទៀតទេ។ លោកស្រីថា វ៉ាក់សាំងដូសជំរុញជួយរក្សាបាននូវភាពរឹងមាំ ភាពស៊ាំរបស់បុគ្គលក៏ដូចជាជួយរក្សាបាននូវភាពស៊ាំរបស់សហគមន៍ដើម្បីបញ្ជៀសនូវលទ្ធភាពនៃការផ្ទុះចេញឡើងវិញនៃជំងឺកូវីដ-១៩។ ការមិនទទួលយកវ៉ាក់សាំងដូសជំរុញនឹងធ្វើឱ្យភាពស៊ាំរបស់សរីរាង្គកាយនឹងធ្លាក់ចុះនៅពេលដែលទុកគម្លាតនៃការចាក់យូរពេក។

ទីបំផុត ! យុវជនបំពុលសង្គម រឿងបញ្ហាកូវីដ-១៩ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន នៅរសៀលថ្ងៃនេះ ៕

ដោយ ៖ សហការី


ចែករំលែក៖