ខេត្តកណ្តាល ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបបំភ្លឺជូនសាធារណជន និងម្ចាស់គណនីហ្វេសបុកឈ្មោះ Chin Chanthy ដែលបាន Live ផ្ទាល់ទីតាំងបើកល្បែងជល់មាន់តាមទូរទស្សន៍អនឡាញ នៅចំណុចផ្លូវជាតិលេខ២ មិនឃើញមានសមត្ថកិច្ចមូលដ្ឋានចុះបង្ក្រាបនោះទេ។ ទីតាំងស្ថិតនៅភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឲ្យលោកអធិការនគរបាលក្រុងតាខ្មៅ ស្រាវជ្រាវករណីខាងលើ។
+ជាលទ្ធផល៖
នៅថ្ងៃសុក្រ ៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ លោកអធិការ បានបញ្ជាកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកហូរ ចុះត្រួតពិនិត្យដល់ទីតាំងខាងលើ ស្ថិតនៅភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល គឺមានលេងល្បែងជល់មាន់តាមអនឡាញប្រាកដមែន និងមានដាក់ឆ្នោតឡូតូ ក្រុមហ៊ុន សុីន នីវ អុិនវេសមេន ឯ.ក ដែលមានលេខចុះបញ្ជីពាណិជ្ជកម្ម លេខ ០០០៣៥២៣០ ចុះថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៨ (មានច្បាប់) ម្ចាស់ទីតាំងឈ្មោះ អៀច អយ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ បុគ្គលិកអនឡាញ នៅភូមិសាមគត់ ឃុំសាមគត់ ស្រុកចំការលើ ខេត្តកំពង់ចាម ដែលបានមកជួលទីតាំងប្រកបអាជីវកម្ម នៅក្នុងភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ចំពោះទីតាំងខាងលើសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហូរ បានចុះណែនាំ អប់រំ និងធ្វើកិច្ចសន្យាមិនអនុញ្ញាតឲ្យបើកចាក់ឡាយល្បែងសុីសងជល់មាន់នៅទីតាំងខាងលើនេះម្ដងរួចមកហើយកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២។ ប៉ុន្តែទីតាំងនេះនៅតែបន្តលួចលាក់បើកចាក់ឲ្យលេងល្បែងសុីសងជល់មាន់តាមទូរទស្សន៍នេះទៀត។
ចំណាត់ការ: កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហូរ បានធ្វើកិច្ចសន្យាអប់រំ ណែនាំ (លើកទី២) ហាមដាច់ខាតមិនឲ្យមានការបើកផ្តល់ទីតាំងលេងល្បែងសុីសង(ជល់មាន់តាមអនឡាញ) និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ។ ប្រសិនបើថ្ងៃក្រោយមិនរាងចាលសមត្ថកិច្ចបង្រ្កាបចាត់ការតាមនីតិវិធី។
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕
ដោយ ៖ សហការី