ខេត្តស្ទឹងត្រែង៖ នៅយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ធ្វើឲ្យផ្ទះរបស់ពលរដ្ឋចំនួន៥ខ្នង ដួលរលំខ្លះរបើកដំបូលដល់ដី ដោយសារខ្យល់កន្ត្រាក់ នៅពេលមានភ្លៀងរលឹម តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ។ ជាមួយគ្នានោះដែរនៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ លោក សាយ ព្រលឹង នាយកសាខា ជាមួយមន្រ្តីប្រតិបត្តិ បានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ទៅជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន៥គ្រួសារភ្កាមៗផងដែរ ដោយឈ្មោះគ្រួសាររងគ្រោះរួមមាន ៖
១-ឈ្មោះ សន សុំ អាយុ២៨ឆ្នាំ
២-ឈ្មោះ រី ស្រីរ័ត្ន អាយុ៣៣ឆ្នាំ
៣-ឈ្មោះ ហឺង សឺង អាយុ ៣៩ឆ្នាំ
៤-ឈ្មោះ កាន់ សំអឿន អាយុ ៤៣ឆ្នាំ
៥-ឈ្មោះ ព្រំ លេង អាយុ ៥៦ឆ្នាំ
ដែលរស់នៅក្នុងភូមិជាំធំ ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។
នៅក្នុងឱកាសនោះដែរ លោក សាយ ព្រលឹង នាយកសាខា ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ និងចូលរួមសោកស្តាយពីសំណាក់លោកស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលជានិច្ចកាល លោកតែងតែគិតគូរយកចិត្តទុកដាក់ ឲ្យក្រុមការងារចុះសួរសុខទុក្ខនិងនាំអំណោយកាកបាទក្រហមកម្ពុជា សាខាខេត្តស្ទឹងត្រែង ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រជួបទុក្ខលំបាក ជនរងគ្រោះ និងងាយរងគ្រោះ។ ជាពិសេសដូចករណីខ្យល់កន្រ្តាក់ ធ្វើឲ្យផ្ទះដួលរលំពេលនេះផ្ទាល់តែម្តង លោកប្រធានគណ:កម្មការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានឲ្យក្រុមប្រតិបត្តិសាខា សហការជាមួយអនុសាខាស្រុកបុរីអូរស្វាយសែនជ័យ។
លោកប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានបន្តថា: ធ្វើយ៉ាងណាក្រុមការងារ ត្រូវយកចិត្តទុកដាក់ដោះស្រាយជូនប្រជាពលរដ្ឋរងគ្រោះ ឲ្យបានទាន់ពេលវេលា ជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋយេីងឲ្យទាន់ពេលវេលា ដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ មិនតែប៉ុណ្ណោះ លោកក៏បានផ្តាំផ្ញើដល់បងប្អូនទាំងអស់គ្នាសូមមានការប្រុងប្រយ័ត្ន ពេលមានខ្យល់ខ្លាំង ឬពេលភ្លៀងត្រូវរកកន្លែងដែលមានសុវត្ថិភាព ដើម្បីការពារគ្រោះថ្នាក់កើតឡើងជាយថាហេតុ។ ព្រមទាំងបានផ្តាំផ្ញើសូមឱ្យបងប្អូនថែររក្សាសុខភាពឱ្យបានល្អ នាំគ្នាទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា នៅតាមមូលដ្ឋានរៀងៗខ្លួន និងអនុវត្តតាមសេចក្ដីណែនាំ ៣ការពារ ៣កុំ និងចូលរួមឱ្យបានជាប្រចាំដើម្បីចូលរួមការពារខ្លួន ពីការឆ្លងនៃជំងឺកូវីដ-១៩ ។
ក្នុងនោះផងដែរអំណោយដែលបាន ចែកជូនដល់គ្រួសាររងគ្រោះចំនួន៥គ្រួសារ ក្នុងមួយគ្រួសារទទួលបានរួមមាន ៖ អង្ករ២៥គីឡូក្រាម តង់០១ កន្ទេល១ ឃីត ១កញ្ចប់ មានដូចជា:(អាវយឺត ភួយ មុង សារុង ក្រមា) និងមី១កេស, ត្រីខកំប៉ុង១យួរ និងថវិកាចំនួន ១០០,០០០រៀល ៕
ដោយ៖ មាស សុផាត