ព័ត៌មានទាន់ហេតុការណ៍៖

លោក បណ្ឌិត ម៉ៅ ធនិន អញ្ជើញក្នុងពិធីប្រកាស​បិទផ្សាយ​ជាសា​ធា​រ​ណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុង​ភូមិទូកមាស

ចែករំលែក៖

ខេត្តកំពត ៖ លោក បណ្ឌិត ម៉ៅ ធនិន ​អភិបាល​ខេត្ត​កំពត អញ្ជើញជាអធិបតីក្នុងពិធីប្រកាស​បិទផ្សាយ​ជាសា​ធា​រ​ណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុង​ភូមិទូកមាស។ 

សូមបញ្ជាក់ថា, ថ្ងៃសុក្រ ទី០១ ខែកក្កដា ឆ្នាំ២០២២ លោក បណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈ​អភិបាល​ខេត្ត​កំពត និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស​បិទផ្សាយ​ជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុង​ភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

អញ្ជើញចូលរួម ក្នុងពិធីនាព្រឹកនេះរួមមាន លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោក​​ស្រី អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករង រដ្ឋបាលសាលាខេត្ត លោក ឧត្តម​សេនីយ៍ទោ លោកឧត្តមសេនីយ៍ត្រី នៃកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោក លោកស្រី ប្រធាន​មន្ទីរ​អង្គភាពជុំវិញខេត្ត លោកអភិបាល អភិបាលរងស្រុក លោក លោកស្រីនាយក នាយករង​ទីចាត់​ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត ព្រមទាំងបងប្អូនប្រជាពលរដ្ឋប្រមាណ៣០០នាក់។

សូមជម្រាបថា នៅស្រុកបន្ទាយមាស បានចាប់ដំណើរការធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័​ន្ធ​ចាប់​ពីថ្ងៃទី០៧ ខែមីនា ឆ្នាំ ២០០៩ គិតមកដល់បច្ចុប្បន្នមានរយៈពេល ១៣ឆ្នាំ ហើយដែល​ទទួល​បានលទ្ធ​ផលដោយបានចុះបញ្ជីរួចបានចំនួន៦២ ភូមិ បានត្រៀមបិទផ្សាយទិន្នន័យជាសាធារណៈ​ចំនួន ០៦ ភូមិ បានកំពុងរៀបចំបិទផ្សាយបន្តចំនួន០៣ ភូមិ កំពុងចុះបញ្ជី ចំនួន០១ ភូមិ។

ចំពោះភូមិទូកមាស មានផ្ទៃដីសរុបចំនួន៤៦១ហិកតា ក្នុងនោះដីលំនៅឋាន១១៥ ហិកតា និងដីកសិកម្ម ៣៤៦ហិកតាមានក្បាលដីសរុបចំនួន១២៣៤ក្បាលដី ស្មើនឹង២៩៨ គ្រួសារដែលត្រូវធ្វើការប្រកាសបិទផ្សាយ ទិន្នន័យជាសាធារណៈនៅថ្ងៃនេះ ៕

ដោយ ៖ សហការី


ចែករំលែក៖