ភ្នំពេញ ៖ ឆ្លើយតបតាមការអំពាវនាវនេះមកដល់ពេលនេះមានសប្បុរសជនដែលជាអ្នកវិនិយោគអ្នកជំនួញបានចូលរួមប្រមាណជាង៥លានដុល្លារ ដើម្បីកម្ពុជាឈានទៅគ្មានគ្រាប់មីននៅឆ្នាំ២០២៥។ នេះជាប្រសាសន៍ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រលប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។
សម្តេចមានប្រសាសន៍យ៉ាងដូច្នេះថា, ព្រឹកមិញថ្ងៃ១កក្កដា២០២២ក្នុងពិធីលែងកូនត្រីនៅខេត្តបន្ទាយមានជ័យខ្ញុំបាន អំពាវនាវឱយសប្បុរសជនចូលរួមបំបាត់ ចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះដើម្បីកម្ពុជាឈានទៅគ្មានគ្រាប់មីននៅឆ្នាំ ២០២៥។អ្វីដែលសំខាន់ជាងនេះទៀតគឺការ ឈានទៅបញ្ចប់នូវសោកនាដកម្មលើប្រជាជនកម្ពុជាដែលស្លាប់និងរបួសដោយគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះដែលជាឃាតកលាក់មុខដែលនៅសេសសល់លើទឹកដីកម្ពុជា។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តថា, ឆ្លើយតបតាមការអំពាវនាវនេះមកដល់ ពេលនេះមានសប្បុរសជនដែលជាអ្នកវិនិយោគអ្នកជំនួញបានចូលរួមប្រមាណ ជាង៥លានដុល្លាររួចមកហើយដែលខ្ញុំសង្ឃឹមថានឹងមានការចូលរួមបន្ថែមទៀត ដើម្បីឱយទឹកដីដ៏កំសត់មួយនេះរួចចាកផុត ពីសោកនាដកម្មនៃគ្រាប់មីន។
ដើម្បីសម្រួលដល់ការចូលរួមសូមធ្វើការទំនាក់ទំនងទៅលោកសេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីតាមលេខទូរស័ព្ទ០១២ ៩៦១៩៧១ដែលនឹងប្រមូលថវិកានេះបញ្ចូលទៅគណនេយ្យ របស់អាជ្ញាធរមីនកម្ពុជា។
សូមអរគុណសម្រាប់ការចូលរួមដើម្បីភាពសុខសាន្តនិងស្នាមញញឹមរបស់ប្រជាជនកម្ពុជា៕
ដោយ ៖ សិលា