ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តលឿនជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពានព្រែកជ្រៃបណ្តាលឱ្យរថយន្តខ្ទេចមួយកំណាត់មុខ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តលឿនមិនប្រយ័ត្នបានជ្រុលចង្កូតទៅបុកបង្កាន់ដៃគល់ស្ពានថ្ម(ព្រែកជ្រៃ) បណ្តាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខ សំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២ខែកក្កដាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តម៉ាក Lexus RX 330 ពាក់ស្លាកលេខភ្នំពេញ 2AI-0915 បើកបរតាមបណ្ដោយផ្លូវលេខ២១៧ ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ មិនប្រយ័ត្នបានរេចង្កូតមកខាងស្តាំដៃជ្រុលទៅបុកបង្កាន់ដៃស្ពានថ្ម(ព្រែកជ្រៃ)ពេញទំហឹងបណ្ដាលឲ្យរថយន្តរួញមួយកំណាត់មុខ ក្រោយកើតហេតុភ្លាមអ្នកបើករថយន្តបានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឱ្យមាននរណាម្នាក់រងរបួសនោះទេ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ឲ្យចុះមកស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖