ព័ត៌មានទាន់ហេតុការណ៍៖

ប្ដីប្រពន្ធមួយគូចេញពីផឹកស្រាបើករថយន្តធ្លាក់ចូលប្រឡាយទឹកស្អុយ ប្រពន្ធស្លាប់ ប្ដីត្រូវបានជួយសង្គ្រោះទាន់

ចែករំលែក៖

ភ្នំពេញ ៖ ប្ដីប្រពន្ធមួយគូបានបើករថយន្តយ៉ាងលឿនហើយរេចង្កូតមកខាងស្តាំដៃធ្លាក់ចូលប្រឡាយទឹកស្អុយបណ្ដាលឱ្យប្រពន្ធលង់ទឹកស្លាប់ រីឯប្ដីត្រូវបានប្រជាពលរដ្ឋសង្គ្រោះទាន់ពេល ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី២ ខែកក្កដា ឆ្នាំ២០២២នៅចំណុចខាងត្បូងក្រសួង នគរដែនដីរូបនីយកម្មនិងសំណង់ប្រហែល២០០ម៉ែត្រ តាមបណ្តោយផ្លូវហ្គ្រេនភ្នំពេញ ឬក៏ហៅផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

    សពជនរងគ្រោះមានឈ្មោះ កង ភក្តី  ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកឯប្ដីមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

   បើតាមសម្ដីសន្តិសុខម្នាក់បានប្រាប់ឱ្យដឹងថា ដំបូងឡើយគាត់ឃើញរថយន្តម៉ាកកូរ៉ូឡា ពណ៌ស្ករ ពាក់ស្លាកលេខបាត់ដំបង2A-2068 បើកតាមបណ្ដោយផ្លូវហ្គ្រេនភ្នំពេញឬក៏ហៅផ្លូវ៣០ម៉ែត្រក្នុងទិសដៅពីជើងមកត្បូងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតមកខាងស្តាំដៃធ្លាក់ចូលប្រឡាយទឹកស្អុយហើយក៏ឃើញបុរសដែលជាប្ដីស្រវេស្រវាចេញមកខាងក្រៅ ខណៈ ពេលនោះកម្លាំងសន្តិសុខដែលយាមកាម នៅទីនោះបានជួយចាប់ទាញដៃគាត់ឱ្យចេញពីរថយន្តរួចផុតជីវិត នៅតែប្រពន្ធរបស់គាត់ជាប់នៅក្នុងរថយន្តលិចបាត់ឈឹងរយៈពេលប្រហែលមួយម៉ោងជាងទើបបានប្រជាពលរដ្ឋនាំគ្នាមុជចាប់ចងរថយន្តទាញឡើងអណ្ដែតមកលើហើយក៏ ចាប់ទាញស្ត្រីដែលត្រូវជាប្រពន្ធចេញពីរថយន្តយកមកលើគោក  តែអកុសលស្ត្រីជាប្រពន្ធបានស្លាប់បាត់បង់ជីវិតទៅហើយ ។

   បើតាមសម្ដីប្ដីរបស់ស្ត្រីរងគ្រោះបានប្រាប់ឱ្យដឹងថា ពួកគាត់មុនកើតហេតុបានចេញពីផឹកស៊ីក្នុងខេធីវីមួយកន្លែងហើយក៏បើករថយន្តតាមបណ្ដោយផ្លូវខាងលើដើម្បីឆ្ពោះទៅផ្ទះ តែមកដល់ចំណុចកើតហេតុក៏ងោកមួយភាំងធ្វើឱ្យរេចង្កូតធ្លាក់ចូលប្រឡាយទឹកស្អុយនេះតែម្ដងទៅ។

     ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុហៅរថយន្តស្ទូចមកស្ទូចយករថយន្តចេញពីក្នុងទឹកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវរួមទាំងកាបូបលុយរបស់ជនរងគ្រោះដែលនៅក្នុងនោះមានលុយចំនួន 970ដុល្លារ លុយខ្មែរ 42 ម៉ឺនរៀល ខ្សែក២ខ្សែ ចិញ្ចៀន២វង់ បន្តោងខ្សែកពីរ និងទូរស័ព្ទដៃមួយគ្រឿងយកមករក្សាទុកជូនជនរងគ្រោះនៅពេលក្រោយ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យប្តីជនរងគ្រោះដឹកយកទៅចាក់អង្រែក្រោមដើម្បីធ្វើបុណ្យតាមប្រពៃណី៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖