ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំខេត្តកំពត ផ្សព្វផ្សាយសេចក្តីប្រកា​សកំណត់តំបន់ធ្វើការ​វិនិច្ឆ័យ​សម្រាប់ការចុះបញ្ជីដីធ្លីមាន​ល​ក្ខណៈ​ជាប្រព័ន្ធ ក្នុង​ឃុំបន្ទាយ​មាសខាងលិច

ចែករំលែក៖

ខេត្ត​កំពត​៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​រដ្ឋបាលខេត្តកំពត​បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត បានអញ្ជើញ​ជា​អធិបតីក្នុងពិធីផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមាន​ល​ក្ខណៈ​ជាប្រព័ន្ធក្នុងភូមិហុងស៊ុយ ភូមិលើ ភូមិត្បាល់កិន ភូមិទង់លាង និងភូមិកន្សោមអក ឃុំបន្ទាយ​មាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត​ កាលពីថ្ងៃទី០៣ ខែកក្កដាម្សិលមិញ​នេះ​។

សូមជម្រាបថាការចុះបញ្ជីសរុបទូទាំងខេត្តសម្រេចបានចំនួន ៣៨១ ភូមិ ស្មើនឹង ៧,១៧% នៃចំនួន ភូមិ​សរុប៤៨៨ភូមិ ប្រមូលទិន្នន័យសរុបបានចំនួន ៦១៩ ៣៧៤ ក្បាលដី ស្មើនឹង ៧៧,៤២% ចែក​បណ្ណ​ជូនប្រជាពលរដ្ឋបានចំនួន ៥១៣ ៥១៩បណ្ណ ស្មើនឹង៦៤,១៩%នៃក្បាលដីប៉ាន់ស្មានសរុប​៨០០ ០០០ក្បាលដី។

ដោយឡែកនៅស្រុកបន្ទាយមាស មានឃុំចំនួន១៥ ភូមិចំនួន៨៨ មានផ្ទៃដីទំហំ៤០៤០៩ ហិកតា និង មានក្បាលដីប៉ាន់ស្មានប្រមាណ១៣២០០០ក្បាលដី បានចាប់ដំណើរការធ្វើការចុះ​បញ្ជីដីធ្លីមាន​លក្ខ​ណៈ​ជាប្រព័ន្ធ ចាប់ពីឆ្នាំ ២០០៩ គិតមកដល់បច្ចុប្បន្នមានរយៈពេល ១៣ឆ្នាំហើយដោយបានចុះ​បញ្ជី​រួចចំនួន ៦២ ភូមិ ស្មើនឹង៧០,៤៥% មិនទាន់ចុះបញ្ជី២៦ភូមិ។

សម្រាប់ឃុំបន្ទាយមាសខាងលិចនេះមានចំនួន ០៥ភូមិ គឺភូមិហុងស៊ុយ ភូមិព្រៃលើ ភូមិត្បាល់កិន ភូមិ​ទង់លាង និងភូមិកន្សោមអក ដែលត្រូវធ្វើការប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យនៅថ្ងៃនេះមាន​ផ្ទៃដី​សរុបចំនួន៤០៤៧,៩៣ ហិកតា ក្នុងនោះ ដីស្រែមានចំនួន៤០១២,៩៣ ហិកតា ដីចម្ការមាន២០ ហិ​ក​តា និងដីលំនៅឋានមាន ១៥ ហិកតា ហើយមានក្បាលដីប៉ាន់ស្មានសរុបចំនួន ៥៣០៨ ក្បាលដី ស្មើ​នឹង១ ៣២៧ គ្រួសារ៕

ដោយ​៖សហការី​


ចែករំលែក៖