ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោ​ ជួន​ ណារិន្ទ​៖​ ចាត់ឱ្យ​មន្រ្តី​ជំនាញ​ ចុះត្រួតពិនិត្យ​ក្រុមហ៊ុន ខេអេសដាប់បែលយូអិម ឯ.ក KSWM Co., Ltd បម្រើសេវាដឹកជញ្ជូនសំរាម ហេតុអីមិនពាក់ស្លាកលេខ ?

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ រស់នៅក្នុងក្រុង-ខេត្តព្រះសីហនុ កំពុងមានចម្ងល់យ៉ាងខ្លាំង តើមានអំណះអំណាងអ្វី អទិភាពបែបណា ទើប ក្រុមហ៊ុន ខេអេសដាប់បែលយូអិម ឯ.ក KSWM Co., Ltd បម្រើសេវាដឹកជញ្ជូនសំរាម ហេតុអីមិនពាក់ស្លាកលេខ ខណៈការប្រមូលសំរាម រថយន្តត្រូវបានប្រើប្រាស់នៅលើដងផ្លូវសាធារណៈគ្រប់ទីកន្លែង ? ចំណុចនេះប្រជាពលរដ្ឋឆ្ងល់ថា, តើច្បាប់ចរាចរណ៍មានឡានប្រភេទនេះ មានអទិភាពបើកបរដោយអត់ស្លាកលេខលើដងផ្លូវសាធារណៈដែរឬទេ! ជាធម្មតាកាលណាធ្វើចរាចរណ៍លើដងផ្លូវ រថយន្តគ្រប់មធ្យោបាយទាំងអស់ត្រូវតែមានស្លាកលេខ ។ 

ប្រសិនបើឡានរបស់ក្រុមហ៊ុនខេអេសដាប់បែលយូអិម ឯ.ក KSWM Co., Ltd បម្រើសេវាដឹកជញ្ជូនសំរាម អត់មានស្លាកលេខបែបនេះ ជាទង្វើខុសច្បាប់ឬអត់ ! ហើយសមត្ថកិច្ចមន្ត្រីនគរបាលយុត្តិធម៌ចរាចរណ៍ អាចឃាត់រក្សាទុករថយន្តនេះបានដែរឬទេ? ឬក៏មានច្បាប់កំណត់ណាមួយ ឱ្យរថយន្តដឹកសំរាម ត្រូវតែអត់មានស្លាកលេខហើយអនុញ្ញាតអោយប្រើប្រាស់ បានបើកបរលើដងផ្លូវ ? 

ចម្ងល់ជាច្រើនទៀតបានចោទជាសំណួរថា,តើឡានដឹកសំរាមសព្វថ្ងៃជាឡានកម្មសិទ្ធិរបស់ក្រុមហ៊ុន គាត់ទិញមកដោយឯកជន ឬមួយឡានទាំងនេះនាំមកជាពន្ធបន្ទុករបស់រដ្ឋ , ការនាំចូលឡានដឹកសំរាមពីក្រៅប្រទេសមកនោះ? ។

ប្រជាពលរដ្ឋបានលើកឡើងថា, បើក្រុមហ៊ុនខេអេសដាប់បែលយូអិម ឯ.ក KSWM Co., Ltd បម្រើសេវាដឹកជញ្ជូនសំរាម មានសិទ្ធិ និងមានអទិភាពប្រើប្រាស់ឡានដោយគ្មានស្លាកលេខ គឺគ្មានយុត្តិធម៌ណាមួយស្មើគ្នាជាមួយប្រជាពលរដ្ឋឡើយ។ ខណៈប្រជាពលរដ្ឋទូទៅមិនថា ស្ថិតក្នុងកម្រិតណាមួយទេ គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ស្មើភាពគ្នា។ 

ប្រជាពលរដ្ឋក៏បានលើកឡើងផងដែរថា , ក្រុមហ៊ុនខេអេសដាប់បែលយូអិម ឯ.ក KSWM Co., Ltd បម្រើសេវាដឹកជញ្ជូនសំរាម តាមដងមាត់សមុទ្រគឺធ្វើបានល្អ បង្កើតឲ្យមានសោភ័ណភាពលំអទីក្រុងគួរឲ្យកត់សម្គាល់ ដោយសារមកដឹកជញ្ជូនសំរាមបានលឿន។ ប៉ុន្តែចំពោះប្រជាពលរដ្ឋដែលរស់នៅតាមមូលដ្ឋានខាងក្នុង ហាក់មានការយឺតយ៉ាវបន្តិច ពេលខ្លះបីថ្ងៃមកដឹកជញ្ជូនសំរាមម្ដង ពេលខ្លះឈានដល់ ៥ថ្ងៃទើបមកប្រមូលសំរាម ដល់មុខផ្ទះរបស់ពួកគាត់។ 

សូមបញ្ជាក់ទៀតថា, ប្រជាពលរដ្ឋនៅតែបន្តឆ្ងល់ ! អំពីបញ្ហាឡានប្រមូលសំរាមទាំងនេះ ឡានជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដែលនាំចូល ឬជាឡានរបស់សាលាក្រុង ឬជាឡានរបស់រដ្ឋអង្គភាពណាមួយ ។ មានហេតុផលអ្វីដែលមិនធ្វើស្លាកលេខ ដើម្បីធ្វើចរាចរណ៍នៅលើដងផ្លូវ ដូចប្រជាពលរដ្ឋទូទៅ ? ។

ពាក់ព័ន្ធករណី តំណាងក្រុមហ៊ុន ខេអេសដាប់បែលយូអិម ឯ.ក KSWM Co., Ltd បម្រើសេវាដឹកជញ្ជូនសំរាម អង្គភាពមជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត” នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២នេះ​ បានព្យាយាម​ទំនាក់ទំនង​ទៅក្រុមហ៊ុនតាមរយៈទូរស័ព្ទដែរ​ តេចូលប៉ុន្ដែគ្មានអ្នកទទួល។ 

ដោយឡែកលោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានបញ្ជាក់ឱ្យដឹងនៅរសៀល​ថ្ងៃចន្ទ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ ចំពោះរថយន្តគ្រប់ប្រភេទត្រូវតែមាន​ស្លាកលេខ​ទាំង​មុខ​និង​ខាងក្រោយ​ នៅពេលរត់នៅលេីទ្រង់ផ្លូវ ពីព្រោះ​វាជាសញ្ញាសម្គាល់​យានយន្ត​។ ចំណែកក្រុម​ហ៊ុន KSWM នេះមិនទាន់ដាក់ស្លាកលេខ​ លោកនិងចាត់ឱ្យមន្រ្តីជំនាញចុះត្រួតពិនិត្យនិងឱ្យតំណាងក្រុមហ៊ុន​ដោះស្រាយ​បញ្ហា​នេះ​៕

ដោយ៖ស​ តារា​​


ចែករំលែក៖