ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ អធិការរងខណ្ឌឫស្សីកែវ​បាញ់សម្លាប់ខ្លួននៅលេីផ្ទះរបស់គាត់ដោយសារតែលេងល្បែងភ្នាល់បាល់ចាញ់អស់ប្រាក់ពីខ្លួន

ចែករំលែក៖

ខេត្តកណ្តាល ៖ អធិការរងខណ្ឌឫស្សីកែវ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ម្នាក់ ដោយសារតែលេងល្បែងភ្នាល់បាល់ចាញ់អស់ប្រាក់ពីខ្លួន បានបាញ់សម្លាប់ខ្លួនស្លាប់គួរឲ្យរន្ធត់នៅលេីផ្ទះរបស់គាត់ផ្ទាល់ បង្កការភ្ញាក់ផ្អើលនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១២និង៣០នាទី នៅចំណុចភូមិក្បាលកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

    មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ចន្ថា វ៉ាន់ឌី  ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីនគរបាលជាតិ ឋានៈអធិការរង មានទីលំនៅភូមិឃុំកើតហេតុ ខាងលើ(ស្លាប់) មានប្រពន្ធឈ្មោះ ថុន ចាន់ណេត អាយុ៣២ឆ្នាំ  មានកូនចំនួន០២នាក់ ស្រីទាំង០២នាក់ ។

     ប្រភពដដែលបន្តថា នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១០និង០០នាទី ជនរងគ្រោះបានជិះរថយន្តចេញពីផ្ទះទៅធ្វើការនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ រហូតដល់ម៉ោង១២:២០នាទី ជនរងគ្រោះបានជិះម៉ូតូត្រលប់មកផ្ទះវិញ។ ពេលមកដល់ ឈ្មោះ យាន ថុន ជាឪពុកក្មេកបានសួរថា កូនឯងឆាប់មកវិញម្ល៉េះ? ជនរងគ្រោះឆ្លើយថា ខ្ញុំភ្លេចកាបូបលុយ រួចជនរងគ្រោះក៏ដើរឡើងទៅលើផ្ទះចូលទៅក្នុងបន្ទប់បានបន្តិចស្រាប់តែឮសូរសំឡេងផ្ទុះផូង។ ឮដូច្នេះ ឈ្មោះ យាន ថុន មានការងឿងឆ្ងល់ក៏ឡើងលើផ្ទះចូលទៅក្នុងបន្ទប់ ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម ដោយដៃខាងឆ្វេងមានកាន់កាំភ្លើងខ្លី និងបន្សល់ទុកលិខិតបណ្តាំចំនួន២សន្លឹកដែលបានសរសេរថា ” +ប៉ា និងម៉ាក់របស់កូន ឱ្យកូនសុំទោសដែលកូនមិនបានមើលថែនិងសងគុណលោកទាំងពីរ កូនពិតជាសុំខ្លាំងណាស់

   + ប៉ាក្មេក និងម្ដាយក្មេកឱ្យកូនសុំទោសលោកទាំងពីរផងដែរ កូនបានយកលុយប៉ានិងម៉ែថាគេខ្ចីហើយឱ្យការ តែការណ៍ពិតគឺមិនមែនទេ គ្មានអ្នកណាខ្ចីលោកទាំងពីរទេ គឺកូនយកលុយនេះទៅលេងល្បែងចាក់បាល់ទេ សូមឱ្យលោកទាំងពីរអហោសិកម្មឱ្យកូនប្រសាគ្មានបានការនេះផងណា បើមានជាតិក្រោយមែនពិតកូននឹងសងគុណលោកទាំងពីរវិញ។

   +ប្រពន្ធសម្លាញ់ចិត្ត ប្ដីសូមលាអូនរហូតហើយ មើលកូនយើងឱ្យបានល្អផងណា ប្ដីមិនបានការម្នាក់នេះសូមកលាអូនរហូតហើយ បើមានជាតិក្រោយប្ដីសូមធ្វើប្ដីល្អរបស់អូន បើមាននិស្ស័យជាមួយអ្នកណាហើយអូនយកគេធ្វើប្ដីចុះ ប្ដីមិនថាអីទេ សូមអូនមើលថែកូនយើងផងណា

  ជាចុងក្រោយប្អូនដែលខ្ញុំខ្វះនិងជំពាក់ សូមបងប្អូនអហោសិកម្មឱ្យខ្ញុំផងចុះ បើមានជាតិក្រោយខ្ញុំសូមសងវិញទាំងអស់ ខ្ញុំពិតជាសូមទោសពិតមែន។

   + សម្លាញ់ វង់ កោះកែវ១៧ និង ហ៊ាឆាយ សូមបងទាំងពីរជួយទារលុយពីម្នាក់ឈ្មោះ មាស រិទ្ធី ឱ្យប្អូនខ្ញុំវិញផង លុយចំនួន២៥០០០$ដុល្លារ ដែលបានបោកពីខ្ញុំថាយកប្អូនខ្ញុំចូលប៉ូលិស។

ខ្ញុំលាពីបងប្អូនល្អរហូតហើយ ។

      បន្ទាប់ពីឪពុកក្មេកបានអានខ្លឹមសាររួចមក ក៏រាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលកោះឧកញ៉ាតី។ បន្ទាប់មកកម្លាំងជំនាញផ្នែកពិនិត្យហេតុ និង កម្លាំងផ្នែនគរបាលយុត្តិធម៌បានចុះមកដល់កន្លែងកើតហេតុ រង់ចាំកម្លាំងការិយាល័យបច្ចេកទេសខេត្តកណ្តាលមកពិនិត្យសាកសព៕

ដោយ៖ស្អាង ជ័យ


ចែករំលែក៖