ភ្នំពេញ៖ លោក ជូង ជូងី មេធាវីការពារក្តីឱ្យលោក សុន ឆ័យ បានឱ្យដឹងនៅល្ងាចថ្ងៃទី ៤ ខែកក្កដាឆ្នាំ ២០២២ នេះថា លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនបានមកដល់ភ្នំពេញហើយកាលពីថ្ងៃទី ៣ ខែកក្កដាឆ្នាំ ២០២២ ហើយលោកក៏ត្រៀមខ្លួន ដើម្បីចូលបំភ្លឺលើបណ្តឹងគណបក្សប្រជាជនកម្ពុជា និងបណ្តឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាពេលខាងមុខ ។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនបានចាកចេញពីប្រទេសកម្ពុជា ទៅកាន់អូស្ត្រាលី កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ក្រោយពីលោកដឹងខ្លួនថា នឹងមានការប្តឹងរូបលោកទៅតុលាការ។ លោក ជូង ជូងី បញ្ជាក់ថា “បណ្តឹងរបស់ គ.ជ.ប តំណាងអយ្យការអមសាដំបូងរាជធានីភ្នំពេញកោះហៅគាត់ សុន ឆ័យ ឱ្យចូលបំភ្លឺនៅថ្ងៃទី១២ ខែកក្កដា វេលម៉ោង៩ព្រឹក និងបណ្តឹងរបស់លោក គី តិច ទទួលសិទ្ធិតំណាងពីសម្តេច សាយ ឈុំ គណបក្សប្រជាជន កោះហៅគាត់ចូលឆ្លើយបំភ្លឺនៅថ្ងៃទី១៥ ខែកក្កដា វេលាម៉ោង៩ព្រឹក”។
បើតាមលោក ជូង ជូងី លោក សុន ឆ័យ បានមកដល់ភ្នំពេញវិញហើយ កាលពីថ្ងៃទី០៣ ខែកក្កដា ម្សិលមិញ ហើយលោក សុន ឆ័យ ត្រៀមខ្លួនរួចហើយ ដើម្បីចូលឆ្លើយបំភ្លឺការពារសិទ្ធិរបស់គាត់តាមផ្លូវច្បាប់។
គួររលឹកថា លោក សុន ឆ័យ ដែលមានតួនាទីជាអនុប្រធានគណបក្សភ្លើងទៀន កំពុងទទួលរងបណ្តឹងចំនួន២ គឺទី១, បណ្តឹងពាក់ព័ន្ធការចោទ និងការបំភ្លៃព័ត៌មានជុំវិញដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលត្រូវបានចាត់ទុកជាអំពើទុច្ចរិត, បំភ្លៃខុសពីការពិត, ការផ្តល់ព័ត៌មានក្លែងក្លាយ ក្នុងចេតនាទម្លាក់កំហុសដោយអសុទ្ធចិត្ត និងមួលបង្កាច់នាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា ហើយបណ្តឹងនេះ មេធាវីបានទាមទារសំណងជំងឺចិត្តចំនួន៤.០០០លានរៀល ឬប្រហែល១លានដុល្លារអាមេរិក។
ទី២, បណ្តឹងពីបទ បរិហារកេរ្តិ៍ជាសាធារណៈ របស់ស្ថាប័ន គ.ជ.ប ដែលបណ្តឹងនេះ បានស្នើឲ្យតុលាការផ្តន្ទាទោសលោក សុន ឆ័យ តាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ និងស្នើឲ្យលោក សុន ឆ័យ ធ្វើលិខិតសុំទោសជាសាធារណៈ។
តំណាងអយ្យការអមសាដំបូងរាជធានីភ្នំពេញ ធ្លាប់បានកោះហៅលោក សុន ឆ័យ ឲ្យចូលបំភ្លឺម្តងរួចហើយកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែដោយសារលោក សុន ឆ័យ មិនមានវត្តមាននៅប្រទេសកម្ពុជា មេធាវីការពារក្តីក៏បានស្នើសុំពន្យារពេលចូលបំភ្លឺនេះ៕
ដោយ៖ សូរិយា