ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការខេត្តកណ្តាល ៖ មិនមានលេងល្បែង ដូចគេហទំព័រសារព័ត៌មាន «រស្មីបូកគោ» ដែលបានចុះផ្សាយនៅព្រឹកថ្ងៃទី០៤ ខែកក្កដា នៅផ្ទះឈ្មោះ ភឹម ផន នោះឡើយ

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបជូនសាធារណជន និងគេហទំព័រសារព័ត៌មាន «រស្មីបូកគោ» ដែលបានចុះផ្សាយនៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ មានខ្លឹមសារថា ៖ ឈ្មោះ ផន ជាម្ចាស់ផ្ទះ បានបើកល្បែងស៊ីសងបាញ់អាប៉ោងខុសច្បាប់បានយ៉ាងរំភើយ! មិនខ្លាចអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ស្រុកអង្គស្នួល ចុះធ្វើការបង្រ្កាបឡើយ!។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម​ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ចាត់ឱ្យលោកអធិការនគរបាលស្រុកអង្គស្នួល ធ្វើការស្រាវជ្រាវករណីខាងលើជាបន្ទាន់។

ជាលទ្ធផល៖

នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២​ លោកអធិការនគរបាលស្រុកអង្គស្នួល បានបញ្ជាកម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុក​ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពេីក​ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ ផាច ផល្លា អធិការរងទទួលផ្នែកនគរបាលយុត្តិធម៌​ បានចុះស្រាវជ្រាវ​ ស៊េីបអង្កេត​ ដល់ទីតាំងកើតហេតុនៅផ្ទះរបស់ឈ្មោះ ភឹម ផន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខែ្មរ មុខរបរអាជីវករ នៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។

តាមការបំភ្លឺរបស់ឈ្មោះ ភឹម ផន បានឱ្យដឹងថា ចំពោះរូបភាពដែលត្រូវបានយកមកចុះផ្សព្វផ្សាយនោះពិតជារូបភាពនៅផ្ទះរបស់ខ្លួនប្រាកដមែន ហើយរូបភាពនោះជារូបភាពចាស់លេងតាំងពី ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរមកម៉្លេះ គឺលេងសប្បាយជាមួយបងប្អូនក្នុងផ្ទះប៉ុណ្ណោះ។ បច្ចុប្បន្ននេះនៅផ្ទះខ្លួនមិនមានការលេងល្បែងស៊ីសងទៀតនោះទេ។

តាមការពិនិត្យជាក់ស្តែងរបស់កម្លាំងសមត្ថកិច្ចឃើញថា នៅទីតាំងផ្ទះឈ្មោះ ភឹម ផន មិនឃើញមានការលេងល្បែងស៊ីសងខុសច្បាប់ឡើយ។

ករណីនេះសមត្ថកិច្ចជំនាញស្រុក និងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលពើក បានធ្វើកិច្ចសន្យា ណែនាំ អប់រំទៅលើឈ្មោះ ភឹម ផន ជាម្ចាស់ផ្ទះទៅតាមនីតិវិធីច្បាប់​ និងដាក់កម្លាំងឃ្លាំមេីលបេីក្នុងករណីល្មេីសពីកិច្ចសន្យា​សមត្ថកិច្ចនឹងបង្រ្កាបចាត់ការតាមនីតិវិធី។ 

អាស្រ័យហេតុនេះ​ សូមសាធារណជនដែលប្រេីប្រាស់បណ្តាញទំនាក់ទំនងសង្គម​ និងបណ្តាញសារព័ត៌មានមេត្តាជ្រាប​ និងកុំមានការភាន់ច្រឡំ៕ សូមអរគុណ!

ដោយ ៖ សហការី


ចែករំលែក៖