ភ្នំពេញ ៖ ការវិលត្រឡប់មកវិញនូវការប្រកួតពានរង្វាន់ជើងឯកវិទ្យាល័យ លើកទី២ ឆ្នាំ២០២២ បានសបញ្ជាក់បន្ថែមទៀតពីការយកចិត្តទុកដាក់របស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបន្តចូលរួមលើកកម្ពស់ និងអភិវឌ្ឍវិស័យកីឡា មិនថាជាកីឡាបាល់ទាត់ ឬប្រភេទកីឡាផ្សេងៗទៀតនោះទេ។ នេះជាការថ្លែង របស់លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ។
លោកបានថ្លែងបន្តថា, ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមជាសមាជិកម្នាក់របស់សហភាពសហព័ន្ធកម្ពុជា ខ្ញុំសូមលើកទឹកចិត្តដល់សមាជិក សមាជិកាស.ស.យ.ក. យុវជន យុវនារី កុមារា កុមារី បងប្អូនប្រជាពលរដ្ឋខ្មែរ ចូលរួមលេងកីឡាទាំងអស់គ្នា ក៏ដូចជាបានចូលរួមក្នុងយុទ្ធនាការ «ប្រជាជនម្នាក់ លេងកីឡាយ៉ាងតិចមួយប្រភេទ ប្រចាំជីវិត» ដែលការលេងកីឡានេះ មិនត្រឹមតែផ្តល់គុណប្រយោជន៍ដល់សុខភាព និងសុខុមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្តតែប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីការត្រៀមខ្លួនរបស់យើងរួចជាស្រេច ក្នុងភាពជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ SEAGAMES លើកទី៣២ ក៏ដូចជាព្រឹត្តិការណ៍កីឡា PARAGAMES លើកទី១២ ក្នុងឆ្នាំ២០២៣ខាងមុខនេះផងដែរ ៕
ដោយ ៖ សិលា