ភ្នំពេញ ៖ យុវជនពីរនាក់បានជិះម៉ូតូមួយគ្រឿងឌុបគ្នាយ៉ាងលឿនជ្រុលទៅបុកជាមួយរថយន្តព្រូសដែលបើកបរដោយបុរសម្នាក់យ៉ាងពេញទំហឹង ធ្វើឱ្យម៉ូតូប៉ើងទៅទើរលើក្បាលរថយន្តបណ្ដាលឱ្យយុវជនម្នាក់ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃចន្ទទី៤ ខែ កក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងនិងផ្លូវលេខ១៣៥ ជាប់របងវត្តទូលទំពូង ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជន២នាក់ជិះម៉ូតូស្គូពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HX-2241 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៣៥ពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ពេលមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្ត Toyota Prius ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BC- 2373 បើកដោយបុរសម្នាក់ពីជើងទៅត្បូងក្នុងល្បឿនលឿនដូចគ្នាជ្រុលទៅបុកម៉ូតូយ៉ាងពេញទំហឹងបណ្ដាលឱ្យម៉ូតូប៉ើងទៅទើរលើក្បាលរថយន្តធ្វើឱ្យរងរបួសធ្ងន់ដល់អ្នកជិះម៉ូតូទាំងពីរនាក់។ ភ្លាមៗនោះជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន តែអកុសលដោយយុវជនម្នាក់មានរបួសធ្ងន់ធ្ងរពេកក៏បានដាច់ខ្យល់ស្លាប់ទៅ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុនិងបានឃាត់ម្ចាស់រថយន្តនាំយកទៅប៉ុស្តិ៍បឹងត្របែករង់ចាំប្រគល់ឱ្យសមត្ថកិច្ចជំនាញ ។ បន្ទាប់មកសមត្ថកិច្ចចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយតាមច្បាប់។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ