ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រផ្ញើព្រះរាជសារជូន លោក ចូ បៃឌិន អបអរសាទរដល់ខួបលើកទី ២៤៦ នៃទិវាឯករាជ្យជាតិអាមេរិក

ចែករំលែក៖

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានផ្ញើព្រះរាជសារមួយជូន លោក ចូ បៃឌិនប្រធានាធិបតីសហរដ្ឋអាមេរិក ដោយចូលរួមអបអរសាទរ ខួបលើកទី ២៤៦ នៃទិវាឯករាជ្យជាតិសហរដ្ឋអាមេរិក នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២នេះ។

ជាមួយនឹងការរំពឹងអំពីការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង បានជូនពរ លោកប្រធានាធិបតី ចូ បៃឌិន ឱ្យមានសុខភាពល្អ សុភមង្គល និងរីកចម្រើនជានិច្ចនិរន្តន៍។

ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះ រាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចមានព្រះរាជបន្ទូលថា ព្រះរាជាណាចក្រកម្ពុជា យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយសហរដ្ឋ អាមេរិក។ នេះបើយោងតាមព្រះរាជសារចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ ប្រទានជូន ឯកឧត្តម ចូ បៃឌិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក។

ព្រះរាជសារព្រះករុណាព្រះមហាក្សត្របញ្ជាក់ថា ៖ «ក្នុងឱកាសខួបលើកទី ២៤៦ នៃទិវាបុណ្យឯករាជ្យជាតិនៃសហរដ្ឋអាមេរិក ប្រជារាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា និងខ្ញុំ សូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះឯកឧត្តម ហើយខ្ញុំជឿជាក់ថា ចំណង មិត្តភាព និង កិច្ចសហប្រតិបត្តិការ ដ៏ យូរអង្វែង រវាង ប្រជាជាតិ យើងត្រូវបានពង្រឹងបន្ថែមទៀត ដោយ ការប្តេជ្ញាចិត្ត របស់ យើងទាំងពីរ  ក្នុងការបន្តធ្វើការ ជាមួយគ្នា ដើម្បី សុខុមាលភាព របស់ ប្រជាជន យើង »។

បន្ថែមពីនេះ ព្រះករុណាព្រះមហាក្សត្រសព្វព្រះរាជឫទ័យ ប្រោសព្រះរាជទានពរជ័យដល់លោក ចូ បៃឌិន មានសុខភាពល្អ និងសុភមង្គល និងចម្រើនរុងរឿងជានិរន្តរ៍ រួមទាំងជនរួមជាតិអាមេរិកទាំងអស់៕

ដោយ៖ សូរិយា


ចែករំលែក៖