ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​នគរបាលស្រុកតាលោសែនជ័យ ឃាត់ខ្លួនអ្នកញៀនល្បែងម្នាក់​យកមកអប់រំ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​បានឱ្យដឹងនៅព្រឹកថ្ងៃ​អង្គារ​ទី​០៥​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ លោកវរសេនីយ៍ទោ អ៊ុល ហៃ អធិការនៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ កាលពីវេលាម៉ោង​១និង​២៥នាទី​រសៀល​ថ្ងៃទី៤​ ខែកក្កដាម្សិលមិញ​នេះ​ បានដឹកនាំកម្លាំងអន្តរាគមន៍ចុះបង្ក្រាបល្បែងស៊ីសង (បញ្ជល់មាន់) មួយកន្លែង ស្ថិតនៅចំណុចខាងក្រោយផ្ទះរបស់ឈ្មោះ ផន អ៊ូញ ស្ថិតក្នុងភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

   លោកវរសេនីយ៍ទោ អ៊ុល ហៃ បានប្រាប់ឱ្យដឹងថា៖ ដោយទទួលបានព័ត៌មានតាមទូរស័ព្ទពីប្រជាពលរដ្ឋបានរាយការណ៍ថា នៅចំណុចខាងត្បូងសាលាបឋមសិក្សាជ្រៃក្រឹម ស្ថិតក្នុងភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ មានការលេងល្បែងស៊ីសងបញ្ជល់មាន់ លោកបានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុង ចំនួន០៣នាក់ សហការជាមួយកម្លាំងអន្តរាគមន៍របស់អធិការដ្ឋានស្រុក ចំនួន០៦នាក់ ចុះបង្រ្កាបករណីនេះដល់ទីតាំងនៅពីក្រោយផ្ទះឆៀងខាងត្បូងជាប់របងចម្ងាយ១៥ម៉ែត្រ និងបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ផន អ៊ូញ ភេទស្រី អាយុ៣៩ឆ្នាំ ជាម្ចាស់សង្វៀនបញ្ជល់មាន់ រស់នៅភូមិឃុំខាងលើ។ ចំណែកមុខសញ្ញាអ្នកលេងបានរត់គេចខ្លួនបាត់អស់ ។

    វត្ថុតាងដកហូតរួមមាន៖ ម៉ូតូចំនួន ០៣គ្រឿង គឺម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅគ្មានស្លាកលេខចំនួន០២គ្រឿង និងម៉ូតូម៉ាកវ៉េវអាល់ហ្វាពណ៌ក្រហមចំនួន ០១គ្រឿងគ្មានស្លាកលេខ, មាន់ជល់ចំនួន ០២ក្បាល, ស៊ុមក្រុងមាន់ចំនួន០២។ ចំណែកប្រដាប់ប្រដាសម្រាប់ធ្វើសង្វៀនបញ្ជល់មាន់សមត្ថកិច្ចបានដុតបំផ្លាញនៅនឹងកន្លែង ។

   បច្ចុប្បន្ន វត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចដកហូតយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋានស្រុកតាលោសែនជ័យ។ ចំពោះឈ្មោះ ផន អ៊ូញ ជាម្ចាស់ផ្ទះត្រូវបានកោះហៅមកកាន់ អធិការដ្ឋានធ្វើការអប់រំ និងឱ្យធ្វើកិច្ចសន្យានៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុង ដើម្បីបញ្ឈប់ការលេងល្បែងស៊ីសងនេះតទៅមុខទៀត៕

ដោយ​៖សហការី​


ចែករំលែក៖