ខេត្តប៉ៃលិន៖ តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលក្រុងប៉ៃលិនបានឱ្យដឹងថា កាលពីវេលាម៉ោង១២និង០០នាទីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ កម្លាំងផែនប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរតាវ៉ៅ បានចុះធ្វើរដ្ឋបាលនៅមូលដ្ឋានត្រង់ចំណុចទល់មុខដីឡូត៍មួយកន្លែង ស្ថិតក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ស្រាប់តែប្រទះឃើញមុខសញ្ញាសង្ស័យម្នាក់កំពុងតែធ្វើសកម្មភាពជួញដូរសារធាតុញៀននៅទីនោះ។ ឃើញដូច្នេះកម្លាំងជំនាញក៏បានធ្វើការសាកសួរ និងឆែកឆេរលើដងខ្លួនជនសង្ស័យរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០៣កញ្ចប់ ហើយក៏បាននាំខ្លួនជនសង្ស័យនោះមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិនដើម្បីសាកសួរបន្ត។
កម្លាំងសមត្តកិច្ចនគរបាលជំនាញក្រុងប៉ៃលិនបានបន្តថា ជនសង្ស័យដែលធ្វើសកម្មភាពជួញដូរសារធាតុញៀនមាន ឈ្មោះ មីន រ៉សាត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ជាជនជាតិខ្មែរអ៊ិស្លាម រស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ក្រោយពីកម្លាំងនគរបាលជំនាញក្រុងបានឆែកឆេរលើជនសង្ស័យឃើញមានវត្ថុតាងដូចខាងក្រោម៖
១-ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០៣កញ្ចប់ ទម្ងន់២,៣៩ក្រាម(សាច់ថ្នាំសុទ្ធ)។
២-ម៉ូតូម៉ាកហុងដាឌ្រីម១គ្រឿង ពាក់ស្លាកលេខ បាត់ដំបង 1F-0955 ស៊េរីឆ្នាំ២០០៨។
៣-ទូរស័ព្ទម៉ាកណូគាអិនចុចពិលចំនួន០២គ្រឿង។
៤-កាំភ្លើងច្នៃចំនួន០៣ដើម។
៥-គ្រាប់កង់ចំនួន០១កញ្ចប់ និងសម្ភារសម្រាប់ជក់គ្រឿងញៀនមួយចំនួន។
បន្ទាប់ពីកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យខាងលើនេះក៏បានស្នើសុំយោបល់ពីលោកស្នងការខេត្តដើម្បីនាំខ្លួនជនសង្ស័យរួមនឹងវត្ថុតាងទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិនដើម្បីអនុវត្តតាមនីតិវិធីបន្ត៕
ដោយ៖ស សារ៉េត