ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះធម្មជាតិខែមិថុនា ឆ្នាំ២០២២ មនុស្ស ១០នាក់ស្លាប់ព្រោះរន្ទះបាញ់

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាម របស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយណ៍ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ បានប្រាប់ឲ្យដឹងថា រយៈពេលពេញមួយខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះធម្មជាតិរន្ទះបាញ់បានកើតឡើងចំនួន ១៣លើក នៅមូលដ្ឋានខេត្តចំនួន៩ បណ្តាលឲ្យមនុស្សស្លាប់ ១០នាក់ (ស្រី៥) របួស០៩នាក់ និងងាប់គោក្របី ១៦ក្បាល។

តាមគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយបានអោយដឹងថា បរិមាណទឹកភ្លៀងបានធ្លាក់ ជាបន្តបន្ទាប់ចាប់ពីដំណាច់ខែឧសភា មកដល់ដើមខែមិថុនា ក្រៅពីបង្កការជន់លិចនៅតាមតំបន់ទំនាប និងទីប្រជុំជនក្នុងរយៈពេលខ្លី ក៏បង្កឲ្យមានការប៉ះពាល់ និងខូចខាតដំណាំស្រូវ និងដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋមួយចំនួនផងដេរ។ តែយ៉ាងណាលេខាធិការគ្រប់គ្រងគ្រោះមហន្តរាយ រាជធានី ខេត្ត រួមនឹងស្ថាប័នពាក់ព័ន្ធ បានសហការគ្នាឆ្លើយតបលើករណីជនលិចនេះបានទាន់ពេលវេលា។ 

កាលពីថ្ងៃទី០៤ កក្កដា ទេសរដ្ឋរដ្ឋមន្ត្រី គន់ គីម អនុ ប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ត រាយ ក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍ស្តីពី លទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងខែមិថុនា ឆ្នាំ២០២២ និងទិសដៅអនុវត្ត ខែកក្កដា ឆ្នាំ២០២២ ដោយលោកបាន ការណែនាំដល់មន្ត្រីក្រោមឱវាទ ត្រូវសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ ផ្ដល់ព័ត៌មានឲ្យបានច្បាស់លាស់ ជាក់លាក់ និងឆាប់រហ័សពីគ្រោះមហន្តរាយនានា និងពិនិត្យតាមដានជាប្រចាំ អំពីស្ថានភាពអាកាសធាតុ ដែលងាយបង្កឲ្យមានជំនន់ទឹកភ្លៀងក្នុងរដូវវស្សា ពិសេសបញ្ហាគ្រោះទឹកជំនន់ អាចកើតមាននៅក្នុងរដូវវស្សាឆ្នាំនេះ ដើម្បីងាយស្រួលដល់ក្រុមការងារ ក្នុងការចុះជួយប្រជាជនរងគ្រោះ បានទាន់ពេលវេលា៕

ដោយ៖ សូរិយា


ចែករំលែក៖