ភ្នំពេញ៖ ដោយមើលឃើញថា ប្រទេសកម្ពុជាមានការរីកចម្រើនខ្លាំង ក៏ដូចជាកំណើនសេដ្ឋកិច្ចទាំងមូលរបស់ប្រទេស ជាពិសេសភាពសកម្មរបស់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា។ ជនជាតិជប៉ុនម្នាក់ បានឱ្យដឹងថា រហូតមកដល់បច្ចុប្បន្ននេះ លោកបានចំណាយថវិកាចំនួនប្រមាណ ១២០លានដុល្លារអាម៉េរិក ក្នុងការបណ្តាក់ទុនវិនិយោគសាងសង់លំនៅឋាន និងអគារសម្រាប់ជួលនៅកម្ពុជា។
ក្នុងសន្និសីទសារព័តមាន ស្តីពីអំពីលំនៅឋានអារ៉ាខាវ៉ា ដំណាក់កាលទី២ កាលពីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២នេះ លោក អាឡិច យ៉ាស៊ូម៉ូតូ (Alex Yasumoto) ស្ថាបនិកក្រុមហ៊ុនអារ៉ាខាវ៉ា បានមានប្រសាសន៍ថា បន្ទាប់ពីឈានជើងលើទឹកដីកម្ពុជារហូតមកដល់ពេលនេះ គឺមានរយៈពេល ២០ឆ្នាំហើយ។ ជាមួយគ្នានេះ លោកបានឱ្យដឹងពីមូលហេតុនៃការដាក់ទុនវិនិយោគនៅកម្ពុជាថា ដោយសារមើលឃើញអំពីស្ថានភាពលំនៅឋាននៅកម្ពុជាមានភាពមិនសូវល្អ បានជាលោកសម្រេចចិត្តមកធ្វើការវិនិយោគក្នុងវិស័យអចលនទ្រព្យ ដើម្បីរួមចំណែកជួយដល់ការរស់នៅរបស់ប្រជាជនកម្ពុជា។ ហើយលោករំពឹងថា វិនិយោគិន និងអ្នកអភិវឌ្ឍវិស័យអចលនទ្រព្យដទៃទៀត នឹងបង្វែរការយកចិត្តទុកដាក់ និងទិសដៅសាងសង់លំនៅឋាននៅកម្ពុជាកាន់តែច្រើនឡើងផងដែរនាពេលអនាគត។
ពាក់ព័ន្ធគម្រោងវិនិយោគលំនៅឋានបែបខុនដូ ស្ថិតនៅតំបន់ទឹកថ្លា រាជធានីភ្នំពេញសព្វថ្ងៃនេះ លោកបានបញ្ជាក់ថា ចំណាយទុនវិនិយោគសរុបចំនួនប្រមាណ ១០០លានដុល្លារ ក្នុងគោលបំណងឲ្យប្រជាជនកម្ពុជាដែលជាសិស្ស និស្សិត គូស្វាមីភរិយាថ្មី និងប្រជាពលរដ្ឋដែលមានជីវភាពកណ្តាល បើទោះជាពួកគាត់មានចំណូលទាប និងមធ្យមក៏ដោយ ក៏អាចទិញលំនៅឋានខុនដូរបាន និងទទួលបាននូវបទពិសោធន៍ជាម្ចាស់កម្មសិទ្ធតកូន តចៅ និងរស់នៅសមរម្យក្នុងខុនដូរទំនើបកណ្តាលទីក្រុងភ្នំពេញ។ លោកបានឲ្យដឹងថា បន្ទាប់ពីគម្រោងនេះបញ្ចប់ និងលក់អស់រួចរាល់ ក្រុមហ៊ុននឹងបន្តធ្វើគម្រោងស្រដៀងគ្នានេះបន្តថែមទៀត ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាជននៅកម្ពុជា។
សូមបញ្ជាក់ថា លំនៅឋានបែបខុនដូរបស់អារ៉ាខាវ៉ា សាងសង់លើផ្ទៃដីជាង១.៣ហិចតា មានសំណង់អគារសរុបចំនួន១៦ និងមានកំពស់២១ជាន់ស្មើៗគ្នា ស្មើនឹងបន្ទប់សរុបជាង ៣ពាន់យូនីត/បន្ទប់។ គម្រោងសាងសង់នេះ នឹងត្រូវបញ្ចប់នាខែធ្នូ ឆ្នាំ២០២២នេះ៕
ដោយ៖ស តារា