ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃអង្គារ ៧កេីត ខែអាសាឍ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ រដ្ឋបាលខេត្តស្ទឹងត្រែង សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានរៀបចំប្រារព្ធ «បុណ្យរុក្ខទិវា» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹង ត្រែង និងគណៈអភិបាលរងខេត្តសមាជិកក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ព្រមទាំងមានការអញ្ជើញចូលរួមពី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គណៈអភិបាលក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត សហគមន៍ព្រៃឈើក្នុងខេត្ត អង្គការនិងដៃគូអភិវឌ្ឍន៍ យុវជន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ៧៥០នាក់។
ថ្លែងនៅក្នុងឱកាស «បុណ្យរុក្ខទិវា» នេះ លោក ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា÷ ការប្រារព្ធបុណ្យរុក្ខទិវានាថ្ងៃនេះ គឺពិតជារួមចំណែកដល់ការអភិរក្ស និងការពារព្រៃឈើ ដែលជាកាតព្វកិច្ច និងការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា។ លោកបានស្នើឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមបណ្តុះគំនិតនៃការស្រឡាញ់ដើមឈើ ថែរក្សាការពារព្រៃឈើ និងបរិស្ថានធម្មជាតិឲ្យបានគ្រប់ៗគ្នា និងចូលរួមដាំកូនឈើនៅតាមសហគមន៍ ទីអារាម ភូមិដ្ឋាន តាមដងផ្លូវ រមណីយដ្ឋាន និងកន្លែងផ្សេងៗទៀត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារ ការអភិរក្ស និងជាប្រយោជន៍ដល់ការរស់នៅរបស់ខ្លួនយើងផង សហគមន៍យើងផង និងជីវិតសត្វព្រៃគ្រប់ប្រភេទ ព្រមទាំងប្រព័ន្ធជីវៈចម្រុះផងដែរ។
បើតាមការបញ្ជាក់ពី លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានឲ្យដឹងថា÷ នៅក្នុងឱកាស «បុណ្យរុក្ខទិវា» ឆ្នាំ២០២២ នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានកំណត់យកទីតាំងនៅបរិវេណ.រមណីយដ្ឋានសហគមន៍ព្រៃភ្នំឈ្ញោក ក្នុងភូមិសាស្រ្តភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដើម្បីប្រារព្ធពិធីដាំដើមឈើ និងចែកដើមឈើរួមមានដូចជាដើមគ្រញូងចំនួន ៥០០ ដើម , បេងចំនួន ១៨០ ដើម ក្ងោកចំនួន ៣០០ ដើម និងស្វាយកែវរមៀតចំនួន ១០០ ដើម សរុបទាំងអស់ចំនួន១.០៨០ដើម ។ ក្រៅពីនេះ ខណ្ឌរដ្ឋបាលព្រៃឈើ ក៏បានប្រគេនកូនឈើដល់ព្រះសង្ឃ និងចែកកូនឈើដល់សហគមន៍ សាលារៀន និងប្រជាពលរដ្ឋចំនួន ៥.០០០ ដើម្បីធ្វើការដាំដុះផងដែល៕
ដោយ៖ សូរិយា