ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យចំណាស់ម្នាក់ស្រវឹងស្រាបើករថយន្តហាយឡេនឌ័របុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់ តែសំណាងដែរដែលមិនបង្កគ្រោះថ្នាក់ដល់មនុស្ស

ចែករំលែក៖

     ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់មិនដឹងជាចេញពីកម្មវិធីជួបជុំនៅទីណានោះទេ មានសភាពស្រវឹងស្រា បានបើករថយន្តហាយឡេនឌ័រទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់បែកអស់ចំនួន១កង់ រីឯរថយន្តបង្កបន្តល្បឿនទៅមុខប្រហែល២០០ម៉ែត្រទើបឈប់ដោយមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃឡើយ។ 

     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ នៅតាមមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកតូយ៉ូតា ហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-6993 បើកបរដោយបុរសវ័យចំណាស់ម្នាក់ដែលមានសភាពស្រវឹងស្រា បានធ្វើដំណើរតាមមហាវិថីព្រះមុនីវង្សពីជើងទៅត្បូងក្នុងល្បឿនលឿនល្មមទេ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែជ្រុលចង្កូតទៅខាងឆ្វេងដៃបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ចំនួនមួយកង់ រីឯរថយន្តបង្កមិនទាន់អស់ល្បឿនបានបន្តទៅមុខប្រមាណ២០០ម៉ែត្រទៀតទើបឈប់ តែសំណាងដែរដែលក្នុងហេតុការណ៍នេះមិនបង្កឱ្យមានមនុស្សណាម្នាក់រងរបួសនោះឡើយ ។

      ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទាក់ទងទៅជំនាញចរាចរណ៍ឱ្យមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖