ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបទៅនឹងគណនីហ្វេសប៊ុកឈ្មោះ Ratanak Mey

ចែករំលែក៖

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបទៅនឹងគណនីហ្វេសប៊ុកឈ្មោះ Ratanak Mey ដែលបានបញ្ចេញមតិ Comment ក្នុងផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថា ៖ សុំអធ្យាស្រ័យមេៗ បើខ្ញុំចង់កែឈ្មោះកូនៗ ក្នុងសំបុត្រកំណើត សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ តើខ្ញុំត្រូវធ្វើដូចម្តេចដែរ? (បញ្ជាក់) ខ្ញុំរស់នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ចាត់ឱ្យការិយាល័យគ្រប់គ្រងការស្នាក់នៅ ចំណាត់ការឆ្លើយតបករណីខាងលើ។

ជាលទ្ធផល៖

នៅថ្ងៃពុធ ទី០៦ ខែកក្កដា ឆ្នាំ២០២២ ការិយាល័យគ្រប់គ្រងការស្នាក់នៅបានបញ្ជាក់ពីបែបបទនីតិវិធី មានពីរជម្រើស ដូចខាងក្រោម៖

-ជម្រើសទី១ : (ឳពុក ម្តាយ) ត្រូវប្រមូលឯកសារពាក់ព័ន្ធកូនរបស់គាត់ ទៅនាយកដ្ឋានអត្រានុកូលដ្ឋាន ទល់មុខបុរីប៉េងហួត បឹងស្នោរ ដើម្បីស្នើសុំឱ្យនាយកដ្ឋានកែតម្រូវ។ ប្រសិនបើនាយកដ្ឋានកែតម្រូវរួចហើយ ត្រូវយកសំបុត្រកំណើតនោះទៅជួបប៉ុស្តិ៍នគរបាលរដ្ឋបាលដែលសាម៉ីខ្លួនកំពុងរស់នៅសព្វថ្ងៃ ដើម្បីធ្វើសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារថ្មីជូនគាត់ឡើងវិញ។

-ជម្រើសទី២ : (ឳពុក ម្តាយ) យកឯកសារពាក់ព័ន្ធទៅទំនាក់ទំនងជាមួយតុលាការ ដើម្បីឱ្យតុលាការចេញដីកាសម្រេច។ ក្នុងករណីបើតុលាការចេញដីកាសម្រេចកែឈ្មោះកូនៗរួចហើយត្រូវយកដីកាសម្រេចនោះ ទៅទំនាក់ទំនងមន្រ្តីអត្រានុកូលដ្ឋានស្រុក/ក្រុង(គល់បញ្ជីមិនទាន់បញ្ជូនទៅក្រសួង) រឺគាត់យកដីកាសម្រេចទៅទំនាក់ទំនងនៅនាយកដ្ឋានអត្រានុកូលដ្ឋាន ហើយប្រសិនបើខាងនាយកដ្ឋានបានកែឈ្មោះកូនៗ រួច (ឳពុក ម្តាយ) ត្រូវយកសំបុត្រកំណើតកូនៗនោះ មកជួបនគរបាលប៉ុស្ដិ៍រដ្ឋបាល ដែលគាត់កំពុងរស់នៅសព្វថ្ងៃ ដើម្បីធ្វើសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារថ្មីជូនគាត់ឡើងវិញ។

អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាប៕

ដោយ ៖ សិលា


ចែករំលែក៖