ខេត្តកំពង់ស្ពឺ៖ មន្ត្រីនគរបាលម្នាក់បានរងរបួសធ្ងន់បន្ទាប់ពីជនសង្ស័យម្នាក់បានយកពូថៅដើរចូលទៅកាប់ដល់ផ្ទះខណៈដែលជនរងគ្រោះកំពុងដេកក្នុងអង្រឹងក្រោមផ្ទះ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៥ខែកក្កដាឆ្នាំ២០២២ ស្ថិតក្នុងភូមិត្រស់សាលា សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចក្រុងច្បារមនបានឱ្យដឹងថាជនរងគ្រោះមានឈ្មោះ ឆន ប៊ុនថន ហៅពៅ ភេទប្រុស អាយុ៣៧ឆ្នាំ មានតួនាទីជានាយផ្នែកការិយាល័យសម្ភារនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។
ចំណែកជនសង្ស័យឈ្មោះ ហឹង រាជស័ង្ហហៈ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុជាមួយគ្នា បានយកពូថៅដើរចូលផ្ទះជនរងគ្រោះដោយឃើញជនរងគ្រោះកំពុងដេកក្នុងអង្រឹង។
ប្រភពបានបន្តទៀតថា ក្រោយកើតហេតុជនសង្ស័យត្រូវបានចាប់ប្រគល់ឱ្យសមត្ថកិច្ចក្រុងច្បារមនយកទៅសាកសួរ។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ហើយត្រូវបានក្រុមគ្រូពេទ្យដេរចំនួន១០០ថ្នេរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា មូលហេតុដែលគេកាប់ជនរងគ្រោះនោះដោយសារតែខឹងជនរងគ្រោះឧស្សហ៍ជេរមាន់ជេរទារំខានដល់ខ្លួន។
បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីបន្តនីតិវិធី៕
ដោយ៖ចន្ទ លីហ្សា