កម្លាំងបណ្តាប្រទេសលោកខាងលិចបានបង្ហាញយ៉ាងច្បាស់តាមរយៈការដាក់ទណ្ឌកម្ម យ៉ាងតឹងតែងទៅលើប្រទេសរុស្ស៊ី ។ ប្រមុខដឹកនាំបណ្តាប្រទេសលោកខាងលិចនៅទីបំផុតក៏បានយល់ឃើញថា ការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីមិនបង្កផលប៉ះពាល់ដល់រុស្ស៊ីឡើយ ផ្ទុយទៅវិញគឺប្រទេសលោកខាងលិចទេដែលជាអ្នករងគ្រោះក្នុងការដាក់ទណ្ឌកម្មនោះ។
សារព័ត៌មានរុស្ស៉ី RT នៅថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០២២ បានផ្សាយថា លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៉ី លោក Nikolay Patrushev បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា សព្វាវុធដែលសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបានបញ្ជូនទៅកាន់អ៊ុយក្រែន នឹងមិនមានឥទ្ធិពលអ្វីលើប្រតិបត្តិការយោធារបស់រុស្ស៉ីដែលកំពុងបន្តនោះទេ។
ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ នៅឯទីក្រុងខាបារ៉ូវស្ក៍ (Khabarovsk) នៃតំបន់ស៉ីបេរី លោក ប៉ាទ្រូសេវ ដែលធ្លាប់ជាប្រធានទីភ្នាក់ងារផ្នែកសន្តិសុខប្រចាំតំបន់នេះបានគូសបញ្ជាក់ថា «រុស្ស៉ីនឹងសម្រេចគោលដៅរបស់ខ្លួន បើទោះជាសហរដ្ឋអាមេរិក និងលោកខាងលិចផ្តល់ជំនួយយោធាដល់អ៊ុយក្រែនក៏ដោយ»។ លោក ប៉ាទ្រូសេវ បានបន្ថែមថា ប្រតិបត្តិការយោធារបស់រុស្ស៉ីធ្វើឡើងមិនមែនត្រឹមតែដើម្បីសន្តិសុខរុស្ស៉ីប៉ុណ្ណោះទេ តែក៏ដើម្បីពិភពលោកទាំងមូលផងដែរ ដោយលោកចង់សំដៅលើការរីករាលដាលនៃមនោគមន៍វិជ្ជាណាហ្ស៉ីសម័យថ្មី និងមន្ទីរពិសោធន៍ជីវសាស្ត្រអ៊ុយក្រែន ដែលមានទំនាក់ទំនងជាមួយមន្ទីរបញ្ចកោណ។ យ៉ាងណាក៏ដោយ ទាំងអាមេរិក និងអ៊ុយក្រែនសុទ្ធតែធ្លាប់ច្រានចោលការចោទប្រកាន់បែបនេះ។
កាលពីចុងខែមិថុនាកន្លងទៅ នៅក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង លោក ពូទីន ធ្លាប់បាននិយាយថា គោលបំណងរបស់រុស្ស៊ីនៅអ៊ុយក្រែន គឺមិនបានផ្លាស់ប្តូរទេ ដែលគោលដៅចុងក្រោយគឺរំដោះតំបន់ដុនបាស់ (Donbass) ដើម្បីការពារប្រជាជន និងបង្កើតលក្ខខណ្ឌដែលនឹងធានាសុវត្ថិភាពដល់សន្តិសុខរបស់រុស្ស៊ី៕
ដោយ៖ ធីរីណា