ប្រទេសមីយ៉ាន់ម៉ា ៖ លោកឧនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ បានមានប្រសាសន៍ថា, រសៀលនេះ ខ្ញុំបានផ្តល់ព័ត៌មានជូនឯកអគ្គរាជ/រដ្ឋទូត សមាជិកអង្គទូត អ្នកសារព័ត៌មាន និងតំណាងមកពីស្ថាប័នពាក់ព័ន្ធក្នុងស្រុក អំពីលទ្ធផលនៃទស្សនកិច្ចការងារលើកទី២ របស់ខ្ញុំនៅមីយ៉ាន់ម៉ា ក្នុងតួនាទីជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន។
លោកឪនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា, មិនមែនជាការងាយស្រួលទេ ដែលត្រូវផ្តល់ការវិភាគ និងសង្ខេបខ្លីនៃដំណើរទស្សនកិច្ចនេះក្នុងរយៈពេលតិចជាងមួយម៉ោង។ បើសង្ខេបក្នុងប៉ុន្មានចំណុច៖
– ភាគីដែលយើងបានជួបក្នុងដំណើរទស្សនកិច្ចនេះ គឺមានភាពចម្រុះជាងទស្សនកិច្ចលើកមុន បើទោះបីជាជំនួបខ្លះដែលបានគ្រោងទុកមិនអាចសម្រេចបានក៏ដោយ។
លោកបន្តថា – ខ្ញុំបានបន្តរំលេចពីបទពិសោធន៍ និងមេរៀនរបស់កម្ពុជាក្នុងការបញ្ចប់សង្គ្រាម និងជម្លោះដោយមិនប្រើអំពើហិង្សា។ ទោះបីជា អំពើហឹង្សាខ្លះក្នុងរូបភាពផ្សេងៗនៅតែបន្តកើតមាននៅតាមតំបន់មួយចំនួនក៏ដោយ តែយើងសង្កេតឃើញថាស្ថិរភាពជាទូទៅបាននឹងកំពុងបន្តវិវឌ្ឍឡើងបណ្តើរ។
– ជំនួយមនុស្សធម៌មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដោយសារតែនេះមិនពាក់ព័ន្ធរឿងនយោបាយជ្រុល ខណៈដែលមានតួអង្គច្រើនបានស្ម័គ្រចិត្តគាំទ្រ។
– វិបត្តិមីយ៉ានម៉ានៅតែចាក់ឫសយ៉ាងជ្រៅ ហើយមិនមានដំណោះស្រាយងាយស្រួលទេ ព្រមទាំងទាមទារពេលវេលា ភាពអត់ធ្មត់ និងការយោគយល់ទៅវិញទៅមកពីគ្រប់ភាគីពាក់ព័ន្ធ។
– ផ្អែកលើទស្សនៈមួយចំនួន ដំណើរទស្សនកិច្ចនេះប្រហែលជាមិនទាន់សម្រេចបានសមិទ្ធផលជាដុំកំភួននៅឡើយទេ យ៉ាងណាមិញខ្ញុំ និងក្រុមការងារជឿជាក់ថាយើងនៅតែបន្តឈានទៅមុខក្នុងកិច្ចខិតខំប្រឹងប្រែងមួយនេះ ៕
ដោយ ៖ សិលា