ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ក្រោយពីដើរទៅទារលុយពីកូនបំណុលចំនួន២០០$មិនបាន ក៏ប្រតាយប្រតប់គ្នាហើយត្រូវកូនបំណុលទាញដែកឆាបចាក់ចំដើមទ្រូង រួចជនដៃដល់បានគេចខ្លួនបាត់ភ្លាមៗ ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន កាលពីវេលាម៉ោង១០យប់ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្សារសហគមន៍បុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា បុរសរងគ្រោះមានវ័យជាង៤០ឆ្នាំ រីឯជនបង្កមានវ័យជាង២០ឆ្នាំ អ្នកទាំងពីរស្គាល់គ្នា និងរស់នៅកន្លែងកើតហេតុ តែអគារខុសគ្នា ។
ប្រភពដដែលបានឱ្យដឹងទៀតថា មុនពេលកើតហេតុ គេឃើញបុរសជាជនរងគ្រោះមានវ័យជាង៤០ឆ្នាំ បានដើរទៅទារលុយពីជនបង្ក តែជនបង្កមិនមានលុយទើបមានការឈ្លោះប្រកែកគ្នា និងប្រតាយប្រតប់គ្នាមួយប្រាវ ធ្វើឱ្យកូនបំណុលដែលជាជនបង្កទាញដែកឆាបចាក់ទៅលើជនរងគ្រោះចំដើមទ្រូង បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ ហើយភ្លាមៗនោះជនបង្កក៏គេចខ្លួនបាត់ស្រមោលទៅ។
ក្រោយកើតហេតុ ប្រជាពលរដ្ឋដែលរស់នៅជិតខាងបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន និងរថយន្តសង្គ្រោះបន្ទាន់ឱ្យមកដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត តែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានពិនិត្យមើលស្ថានភាពកន្លែងកើតហេតុ រួចចេញទៅវិញបាត់អស់ ។ រីឯសពជនរងគ្រោះត្រូវរថយន្តសង្គ្រោះដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ ភារ៉ា ដង្កោ