ព័ត៌មានទាន់ហេតុការណ៍៖

ប្រពន្ធឱ្យប្ដីជិះម៉ូតូទៅទិញម្ហូបយកមកហូបបាយជុំគ្នាជាមួយប្រពន្ធនិងកូន បែរជាជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម

ចែករំលែក៖

 ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ និងបុរសម្នាក់ទៀតបានរងរបួសធ្ងន់បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូ  បុកគ្នាកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខក្លិប អុិច ហ្សូម តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

    សពជនរងគ្រោះមានឈ្មោះ យន ចិន ភេទប្រុស ប្រុសអាយុ៣៩ឆ្នាំ មុខរបរនៅផ្ទះមើលកូន ស្នាក់នៅបន្ទប់ជួលមួយកន្លែងខាងក្រោយវត្តគោកបញ្ជាន់ ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកអង្គរជ័យខេត្តកំពត។  ចំណែកភាគីម្ខាងទៀតរងរបួសធ្ងន់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកSUZUKI AXELO ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BI-4175 ធ្វើដំណើរពីទិសខាងលិចទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃត្រឡប់ក្រោយវិញ ដោយខ្វះការប្រុងប្រយ័ត្ន ខណៈនោះក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1JG-2136 ជិះដោយបុរសម្នាក់បញ្ច្រាសទិសដៅគ្នាពីកើតទៅលិចបុកគ្នាពេញទំហឹងបណ្ដាលឱ្យបុរសដែលជិះម៉ូតូ SUZUKI ដួលបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ចំណែកភាគីខាងម៉ូតូហុងដាឌ្រីមបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

    បើតាមសម្ដីប្រពន្ធជនរងគ្រោះបានប្រាប់ឱ្យដឹងថា សព្វថ្ងៃរូបគាត់និងប្ដីរូមនឹងកូនប្រុសស្រីតូចៗចំនួនពីរនាក់ទៀត បានមកស្នាក់នៅបន្ទប់ជួលជាមួយគ្នា ដោយប្តីរបស់គាត់មិនទាន់រកការងារធ្វើបាននៅឡើយ ហេតុនេះទើបរូបគាត់ឱ្យប្ដីនៅមើលថែកូនសិន ទម្រាំរកការងារធ្វើបាន។ ចំណែករូបគាត់ធ្វើការនៅរោងចក្រ ហើយមុនកើតហេតុរូបគាត់បានឱ្យប្តីជិះម៉ូតូទៅទិញម្ហូបយកមកហូបបាយជាមួយប្រពន្ធកូន។ លុះទៅបាត់មួយសន្ទុះស្រាប់តែមានគេខលមកប្រាប់ថាប្តីរបស់ខ្ញុំបានស្លាប់បាត់បង់ជីវិតទៅហើយដោយជួបគ្រោះថ្នាក់ចរាចរណ៍។ បន្ទាប់មកគាត់ក៏បានទៅមើលឃើញប្ដីរបស់គាត់បានស្លាប់បាត់បង់ជីវិតមែន ធ្វើឱ្យគាត់មានការតក់ស្លុតនិងរន្ធត់ចិត្តយ៉ាងខ្លាំងមិនអាចទទួលយកបាននោះទេ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។  ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖