ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តរបស់គ្រូអគ្គីនេត បុកជាមួយរថយន្តBMW រួចរេចង្កូតទៅបុកម៉ូតូសណ្ដោងរុឺម៉ក និងរថយន្តមួយគ្រឿងផ្សេងទៀតរងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តឡិចសុីសRX400hមួយគ្រឿងរបស់គ្រូអគ្គីនេត បានបុកជាមួយរថយន្តBMW X5 ដែលបើកបរដោយជនជាតិចិន ក្នុងទិសដៅបញ្ច្រាសគ្នា រួចរេចង្កូតទៅបុកម៉ូតូសណ្ដោងរុឺម៉កកំពុងធ្វើដំណើរ និងរថយន្តមួយគ្រឿងទៀតចតលើចិញ្ចើមផ្លូវបណ្ដាលឲ្យរងការខូចខាត បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន កាលពីវេលាម៉ោង០១ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាប់របងស្ថានទូតរុស្សុី ទល់មុខក្លឹបកម្សាន្ត E PIC ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

      តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក BMW X5 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AD-0001 ដែលបើកបរដោយជនជាតិចិនបានធ្វើដំណើរទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាក ឡិចសុីស RX400h ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ 2AJ-3003 បើកបរដោយគ្រូអគ្គីនេត បានធ្វើដំណើរទិសដៅបញ្ច្រាសគ្នាក្នុងល្បឿនលឿន បណ្ដាលឲ្យរថយន្តBMW X5 បុកចំកង់មុខរថយន្តឡិចសុីសរបស់គ្រូអគ្គីនេត ដាច់កាឡេកង់មុខផ្នែកខាងឆ្វេងខូចខាតយ៉ាងដំណំ រីឯរថយន្តBMW មិនទាន់អស់ល្បឿនក៏រេចង្កូតទៅបុកម៉ូតូសណ្ដោងរុឺម៉ក(កង់បីខ្មែរ)និងរថយន្តមួយគ្រឿងទៀតដែលចតនៅលើចិញ្ចើមផ្លូវរងការខូចខាត ក៏សំណាងល្អដែរក្នុងហេតុការណ៍នេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ ។

       ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងធ្វើការសម្របសម្រួលដល់ភាគីរងគ្រោះ និងភាគីបង្កដើម្បីបញ្ចប់រឿងនៅនឹងកន្លែង តែចុងក្រោយសមត្ថកិច្ចធ្វើការសម្រួលយ៉ាងណាក៏មិនត្រូវគ្នា ទើបសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងស្ទូចយករថយន្តរងគ្រោះ និងរថយន្តបង្ក ទៅរក្សាទុក រង់ចាំដោះស្រាយបន្តនាពេលក្រោយ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖