ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ លោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌសែនសុខ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាពក្រុមប្រឹក្សាសង្កាត់គោកឃ្លាង អណត្តិទី៥ ដែលប្រកាសទទួលស្គាល់ដោយក្រសួងមហាផ្ទៃ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អណត្តិទី៥ កាលពីថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ពេលនេះបានចេញលទ្ធផលជាផ្លូវការ និងធ្វើពិធីប្រកាសសុពលភាពសមាសភាពក្រុមប្រឹក្សាសង្កាត់ ដែលមានចំនួន១១រូប។
យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ៣២៦៦ ប្រក ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ទទួលស្គាល់ក្រុមប្រឹក្សា សង្កាត់គោកឃ្លាងចំនួន១១រូប ដែលមានប្រធានក្រុមប្រឹក្សាសង្កាត់១រូប គឺលោក ញ៉ាត សាម៉េត និងសមាជិកក្រុមប្រឹក្សាចំនួន១០រូប និងតែងតាំងលោក ញ៉ាត សាម៉េត ជាចៅសង្កាត់គោកឃ្លាង លោក គង់ សំបូរ ជាចៅសង្កាត់រងទី១ លោក ទុន សុគន្ធា ជាចៅសង្កាត់រងទី២ ។
ពិធីប្រកាសសមាសភាពក្រុមប្រឹក្សាសង្កាត់នេះ មានការអញ្ជើញចូលរួមពី ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានសង្កាត់ នាយករងរដ្ឋបាលខណ្ឌ លោកនាយប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់ សមាជិកក្រុមប្រឹក្សាអណត្តិចាស់ អណត្តិថ្មី ប្រធានភូមិ អនុប្រធានភូមិ តំណាងគណបក្សនយោបាយដែលមានអាសនៈក្នុងក្រុមប្រឹក្សាសង្កាត់ សង្គមសុីវិល គណៈកម្មាធិការនានារបស់សង្កាត់ ពិធីប្រកាសនេះធ្វើឡើងក្នុងបរិវេណសាលាសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕
ដោយ ៖ សហការី