កីឡាករ Inaki Williams របស់ក្រុម Athletic Bilbao បានជ្រើសរើសតំណាងឱ្យប្រទេសហ្គាណាវិញក្នុងកីឡាបាល់ទាត់អន្តរជាតិដែលធ្លាប់លេងឱ្យជម្រើសជាតិប្រទេសអេស្ប៉ាញ។ កីឡាករវ័យ២៨ឆ្នាំរូបនេះដែលកើតនៅទីក្រុង Bilbao បមានឪពុកម្តាយជាជនជាតិហ្គាណាបានលេងឱ្យក្រុមអាយុក្រោម២១ឆ្នាំរបស់អេស្ប៉ាញ ហើយក៏បានបង្ហាញខ្លួនឱ្យក្រុមឈុតធំក្នុងការប្រកួតមិត្តភាពជាមួយបូស្នៀកាលពីឆ្នាំ២០១៦។
Williams បាននិយាយនៅក្នុងវីដេអូបង្ហោះក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមថា “រាល់ជំហានដែលយើងឈានទៅមុខមានអត្ថន័យរបស់វា ការក្រឡេកមើលទៅអនាគតដែលបន្សល់ទុកនូវដានរបស់វា។ ឪពុកម្តាយរបស់ខ្ញុំបានចិញ្ចឹមខ្ញុំដោយតម្លៃដោយផ្អែកលើភាពរឹងមាំ ការគោរព និងសេចក្តីស្រឡាញ់។ នោះហើយជាមូលហេតុដែលខ្ញុំមានអារម្មណ៍ថា ពេលនេះបានមកដល់សម្រាប់ខ្ញុំក្នុងការស្វែងរកប្រភពដើមរបស់ខ្ញុំនៅក្នុងខ្លួនខ្ញុំ និងជាមួយអាហ្វ្រិក និងហ្គាណា ដែលមានន័យខ្លាំងណាស់សម្រាប់ខ្ញុំ និងគ្រួសាររបស់ខ្ញុំ”។
ប្រធានសមាគមកីឡាបាល់ទាត់ហ្គាណា លោក Kurt Okraku បានសរសេរថា Tariq Lamptey របស់ Brighton & Hove Albion ក៏មានសម្រាប់ជ្រើសរើសផងដែរ ដែលខ្សែការពារស្តាំវ័យ២១ឆ្នាំរូបនេះបានក្លាយជាយុវជនជម្រើសជាតិអង់គ្លេស។
ច្បាប់របស់ FIFA ចែងថា អ្នកលេងអាចប្តូរប្រទេសបានប្រសិនបើពួកគេមិនបានលេងច្រើនជាង៣ប្រកួតសម្រាប់ប្រទេសមួយមុនអាយុ២១ឆ្នាំ ហើយមិនបានបង្ហាញខ្លួននៅក្នុងការប្រកួតបាល់ទាត់ពិភពលោក ឬការប្រកួតទ្វីប។ Williams ទទួលបានកំណត់ត្រានៅលីគកំពូលអេស្ប៉ាញLa Liga សម្រាប់ការបង្ហាញខ្លួនជាប់ៗគ្នាចំនួន២៣៣ប្រកួត។
ការផ្លាស់ប្តូរនេះកើតឡើងជាការជំរុញសម្រាប់ប្រទេសហ្គាណានៅមុនការប្រកួត World Cup នៅឆ្នាំនេះនៅប្រទេសកាតា ដែលប្រទេសហ្គាណាមានឈ្មោះនៅពូលជាមួយព័រទុយហ្គាល់ អ៊ុយរ៉ាហ្គាយ និងកូរ៉េខាងត្បូង។ ការប្រកួតបាល់ទាត់ពិភពលោកនឹងចាប់ផ្តើមនៅថ្ងៃទី២១ ខែវិច្ឆិកាខាងមុខនេះ ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)