ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីអង់គ្លេសជាង៤០រូបលាលែងចេញពីតំណែង ចំណែកនាយករដ្ឋមន្ត្រីបដិសេធចុះចេញពីតំណែង

ចែករំលែក៖

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ប្រឈមនឹងសម្ពាធពីមហាជនឱ្យលាលែងចេញពីតំណែង ក្រោយពីមានមន្ត្រីរដ្ឋាភិបាលរហូតដល់ទៅ៤០រូបបានលាលែងចេញពីតំណែង។
សារព័ត៌មាន Al Jazeera នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០២២ បានផ្សាយថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន បានប្រាប់សមាជិកសភាថាលោកនឹងមិនលាលែងចេញពីតំណែងនោះទេ បើទោះបីគណៈរដ្ឋមន្ត្រី និងមន្ត្រីជាច្រើនរូបនាំគ្នាលាលែងពីតំណែងដើម្បីសម្ដែងការមិនពេញចិត្តចំពោះការដឹកនាំប្រទេសនិងការដោះស្រាយបញ្ហារបស់លោកពាក់ព័ន្ធនឹងសំណុំរឿងមន្ត្រីជាន់ខ្ពស់ម្នាក់ដែលរងការចោទប្រកាន់ពីការបៀតបៀនផ្លូវភេទក៏ដោយ។
ការបញ្ជាក់ជំហរខាងលើរបស់លោក ចនសុន ធ្វើឡើងក្នុងអំឡុងនៃការសួរដេញដោលមួយនៅឯសភាអង់គ្លេសកាលពីថ្ងៃពុធកន្លងមកនេះ។ លោក ចនសុន បានបញ្ជាក់ដូច្នេះថា «ការងាររបស់នាយករដ្ឋមន្ត្រីនៅក្នុងកាលៈទេសៈដ៏លំបាក នោះគឺបន្តដើរទៅមុខ ហើយនេះគឺជាអ្វីដែលខ្ញុំកំពុងធ្វើ»។ នាយករដ្ឋមន្ត្រីរូបនេះបន្ថែមទៀតថា លោកខ្លួនឯងមិនជឿទេថាវាជាការប្រឆាំងនឹងផលប្រយោជន៍ជាតិ បើលោកនៅតែបន្តកាន់អំណាចនោះ។
រដ្ឋាភិបាលរបស់លោក បូរីស ចនសុន បានធ្លាក់ចូលក្នុងវិបត្តិ បន្ទាប់ពីគណៈរដ្ឋមន្ត្រីសំខាន់ៗរបស់លោក ក្នុងនោះរួមមានទាំងរដ្ឋមន្ត្រីសុខាភិបាលអង់គ្លេស លោក សាជីដ ហ្សាវីដ (Sajid Javid) លាលែងចេញពីតំណែងដោយនិយាយថា លោក ចនសុន មិនមានសមត្ថភាពដឹកនាំរដ្ឋាភិបាលទេ។ គិតមកទល់នឹងពេលនេះ មានគណៈរដ្ឋមន្ត្រី និងមន្ត្រីរដ្ឋាភិបាលអង់គ្លេសចំនួន៤៣រូបហើយ បានសម្រេចចិត្តលាលែងចេញពីតំណែង៕

ដោយ៖ ធីរីណា(រូប​ថត​ ៖​ CNN)


ចែករំលែក៖