ខេត្តសៀមរាប ៖ នារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី «បិទមហាសន្និបាតលើកទី០១ ស្ដីពីលទ្ធផលការងារឆ្នាំ២០២១ ផ្សព្វផ្សាយទិសដៅការងារ និងផែនការសកម្មភាពឆ្នាំ២០២២-២០២៣ របស់វេទិកាសន្តិភាពកម្ពុជា» នៅខេត្តសៀមរាប។ កម្មវិធីបិទសន្និបាតនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា រួមទាំង លោក លោកស្រី សមាជិក សមាជិកា តំណាងអង្គការវេទិកាសន្តិភាពទូទាំងប្រទេសប្រមាណ១០០០ នាក់។
ជាកិច្ចចាប់ផ្ដើមនៃកម្មវិធី លោក សួន សេរីរដ្ឋា អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិការសន្តិភាពកម្ពុជា បានធ្វើរបាយការណ៍អំពីសកម្មភាពការងារកន្លងទៅរបស់សមាជិក សមាជិកា វេទិកាសន្តិភាពកម្ពុជា និងលទ្ធផលនៃមហាសន្និបាតជូនអង្គវេទិកាទាំងមូលអោយបានជ្រាបបន្ថែមពីសមិទ្ធផលដែលកើតចេញមកពីការខិតខំប្រែងរបស់សមាជិក សមាជិកា អង្គការវេទិកាសន្តិភាពកម្ពុជា ក៏ដូចជាបង្ហាញអោយឃើញពីផែនការឆ្ពោះទៅមុខជាបន្តបន្ទាប់ទៀត។ លោក បានបញ្ជាក់ថា វេទិកាសន្តិភាពកម្ពុជាបានប្រកាសជាផ្លូវការនៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២១ ដោយក្រសួងមហាផ្ទៃ ក្នុងគោលបំណង គាំទ្រលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងផ្សព្វផ្សាយដល់ សិស្ស និស្សិត និងប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីគុណតម្លៃ និងផលប្រយោជន៍នានាដែលបានមកពីការខិតខំស្វែងរកយ៉ាងលំបាករបស់សម្ដេចអគ្គមហាសេនាបេតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រទេស។
ក្រោយពីបានស្ដាប់នូវរបាយការណ៍ និងការចែករំលែកពីសមិទ្ធផលការងាររបស់លោកប្រធានប្រឹក្សាវេទិកាសន្តិភាព លោក ហ៊ុន ម៉ានី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្ដើមនៃការបង្កើតអោយមានអង្គវេទិកាសន្តិភាពកម្ពុជា ក្នុងគោលបំណងរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា និងបញ្ជៀបការយល់ដឹងអំពីការស្វែងរកសុខសន្តិភាព គុណតម្លៃ និងផលប្រយោជន៍ជាតិ ដើម្បីគាំទ្រដល់យុវជន និងប្រជាពលរដ្ឋកម្ពុជា។ ទន្ទឹមនឹងការលើកឡើងខាងលើ ឯកឧត្តមបានបន្ថែមថា “សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នឹងបន្តចូលរួមក្នុងបេសកកម្ម ដើម្បីផ្សព្វផ្សាយពីគុណតម្លៃនៃសុខសន្តិភាព ព្រោះសន្តិភាពពិបាកទទួលបានណាស់ ប៉ុន្តែសុខសន្តិភាពនេះងាយនឹងត្រូវបានបាត់បង់ក្នុងពេលតែមួយរំពេច ៕
ដោយ ៖ សិលា