ភ្នំពេញ៖ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ កម្លាំងនគរបាលខណ្ឌបឹងកេងកង បានបញ្ជូនខ្លួនជនសង្ស័យដែលបាញ់ប្រហារចំនួន១០គ្រាប់បណ្ដាលឲ្យបុរសម្នាក់ស្លាប់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកការស៊ើបសួរតាមនីតិវិធី។
គួរបញ្ជាក់ថា ជនដៃដល់ឈ្មោះ អ៊ូ សុភី បានបាញ់សម្លាប់អ្នករួមការងារ យាមផ្ទះជាមួយគ្នា ជនរងគ្រោះឈ្មោះ គង់ សុត អាយុ៤៣ឆ្នាំ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៣៖០០នាទីរសៀល នៅចំណុចផ្ទះលេខ៣៨ តាមបណ្ដោយផ្លូវលេខ៣២២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា មានករណីផ្ទុះអាវុធចំនួន១០គ្រាប់នេះ គឺនៅក្នុងផ្ទះវីឡា មួយកន្លែងបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១រសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ ៣៨ តាមបណ្ដោយផ្លូវលេខ៣២២ មូលដ្ឋានសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសទាំង២នាក់ មានជម្លោះជាមួយគ្នា ស្រាប់តែថ្ងៃកើតហេតុ បុរសរងគ្រោះអង្គុយនៅតូបយាមជាប់ទ្វារផ្ទះ ខណៈនោះខ្មាន់កាំភ្លើងបានជិះម៉ូតូ១គ្រឿងម៉ាក PCX ពណ៌ស បានចូលមកផ្ទះ រួចដកកាំភ្លើងបាញ់ យកតែម្ដងបណ្ដាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅតូបយាម អង្គុយលើកៅអី។ ភ្លាមៗនោះបុរសដៃដល់ ធ្វើសកម្មភាពរួចជិះម៉ូតូគេចខ្លួនចេញតែម្ដង។ តែប្រមាណជា១៧ម៉ោងក្រោយមក ខ្មាន់កាំភ្លើងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននៅខេត្តកណ្តាល រួចបញ្ជូនមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនខ្លួនមកដល់សាលាដំបូងរាជធានីភ្នំពេញ ហើយកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕
ដោយ ៖ រ៉ារ៉ា