ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​ទេសចរណ៍​ រៀបចំកិច្ចប្រជុំ “បូកសរុបលទ្ធផលការងារស្របតាមផែនទីចង្អុលផ្លូវគិតត្រឹមឆមាសទី១ ឆ្នាំ២០២២”

ចែករំលែក៖

ភ្នំពេញ៖ នេះបេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹងថា​ លេខាធិការដ្ឋាននៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្ដារ និងលើកស្ទួយ វិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឹកូវីដ-១៩ បានរៀបចំកិច្ចប្រជុំ “បូកសរុបលទ្ធផលការងារស្របតាមផែនទីចង្អុលផ្លូវគិតត្រឹមឆមាសទី១ ឆ្នាំ២០២២”។ 

នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួងទេសចរណ៍ លោក ថោង រដ្ឋសក្ដិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្ដិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋានស្ដីទីនៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្ដារ និងលើកស្ទួយ វិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឹកូវីដ-១៩ បានដឹកនាំកិច្ចប្រជុំ “បូកសរុបការងារឆមាសទី១ ឆ្នាំ២០២២ របស់លេខាធិការដ្ឋាននៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឹកូវីដ-១៩ ” ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ប្រធានអង្គភាព នាយកដ្ឋានពាក់ព័ន្ធទទួលខុសត្រូវ និងឯកឧត្តម លោក លោកស្រីប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្តតាមរយៈប្រព័ន្ធវីដេអូ Zoom សរុបប្រមាណ ៧០នាក់។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោក ថោង រដ្ឋសក្ដិ បានបញ្ជាក់ ពីស្ថានភាពភ្ញៀវទេសចរអន្តរជាតិជារួមដែលកំពុងមានកំណើនត្រលប់មកវិញជាបណ្តើរៗ ដោយក្នុងនោះ គិតត្រឹម៦ខែដើមឆ្នាំ២០២២នេះ ស្ថានភាពទេសចរក្នុងតំបន់អ៊ឺរ៉ុប និងអាមេរិកមានការកើនឡើងពី ២០%-២៥% និងសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក បានកើនឡើង ១% ដោយសារមិនទាន់មានដំណើរការទេសចរជនជាតិចិន។ ក្នុងនោះផងដែរក្នុងខែកក្កដា ឆ្នាំ២០២២ នេះ កម្ពុជាទទួលបានការហោះហើរចូលមកបន្ថែមគួរឱ្យកត់សម្គាល់។ លោក បានមានប្រសាន៍ថា បច្ចុប្បន្ននេះ កម្ពុជាបានទទួលទេសចរអន្តរជាតិជារួមកើនឡើងជិត ១៥០% បើធៀបនឹងរយះពេលដូចគ្នាក្នុងឆ្នាំ២០២១។ 

បច្ចុប្បន្ននេះប្រទេសជាសមាជិកអាស៊ានទាំងអស់កំពុងដាក់អទិភាពអនុវត្តផែនការសកម្មភាពឆ្នាំ២០២២-២០២៣ លើស្ថានភាពទេសចរណ៍ ដោយផ្តោតសំខាន់ចំនួន ០៣ចំនុចគឺ៖

១. ជម្រុញបន្ថែមនូវការស្តារសេដ្ឋកិច្ចឡើងវិញ រួមជាមួយនឹងការគិតគូរពីបរិស្ថាន និងការប្រែប្រួលអាកាសធាតុ

២. ការធ្វើឌីជីថលូបណីយកម្ម និង

៣. ការគិតគូរពីការរៀបចំសហគមន៍ទេសចរណ៍ អេកូទេសចរណ៍ជាផលិតផលទាក់ទាញទេសចរណ៍

បន្ថែមពីនេះទៀត លោក ថោង រដ្ឋសក្ដិ បានពិនិត្យលើលទ្ធផលការងារដែលសម្រេចបានជារួមកន្លងមក និងបានវាយតម្លៃថា អង្គភាពពាក់ព័ន្ធទាំងអស់ បានបំពេញការងារស្របតាមផែនទីចង្អូលផ្លូវដោយសម្រេចបាន ៨០% បើគិតត្រឹមឆមាសទី១ ឆ្នាំ២០២២នេះ។ យ៉ាងណាមិញលេខាធិការដ្ឋានរង់ចាំរបាយការណ៍បន្ថែមពីផ្នែកឯកជនក្នុងវិស័យទេសចរណ៍ដើម្បីដាក់បញ្ចូលនិងបំពេញបន្ថែមក្នុងរបាយការណ៍សមិទ្ធផលរបស់ក្រុមការងារ។ 

ជាចុងក្រោយ លោក​ ថោង រដ្ឋសក្ដិ បានសំណូមពរដូចខាងក្រោម៖

ទី១. ស្នើលោកប្រធានលេខាធិការដ្ឋាន នៃអនុក្រុមការងារទាំង៣ ដើរតួនាទីបន្ថែមលើកិច្ចការសម្របសម្រួលជាមួយគ្រប់នាយដ្ឋាន និងអង្គភាពដែលពាក់ព័ន្ធ សម្រាប់អនុក្រុមការងាររៀងៗខ្លួន ដើម្បីពន្យល់ និងជម្រុញ ដល់នាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធទាំងនោះបំពេញសកម្មភាពរបស់ខ្លួនឱ្យបានទាន់ពេលវេលា។ 

ទី២.  ស្នើលោកប្រធានលេខាធិការដ្ឋាន នៃអនុក្រុមការងារទាំង៣ រៀបចំជារបបរបាយការណ៍ និងរបបប្រជុំជាប្រចាំសម្រាប់អនុក្រុមការងាររៀងៗខ្លួន ដើម្បីប្រមូលលទ្ធផលពីនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធ ជាប្រចាំខែ ឬយ៉ាងហោចប្រចាំត្រីមាស និងធ្វើការបូកសរុប រួមនឹងការវាយតម្លៃជាមុន មុននឹងបញ្ចូលមកលេខាធិការដ្ឋាននៃក្រុមការងាររាជរដ្ឋាភិបាលនិងឯកជន ធ្វើបូកសរុប​។ 

ទី៣.  ស្នើ លោកស្រី ប្រធានអង្គភាព នាយកដ្ឋានពាក់ព័ន្ធ មេត្តាតាមដានសកម្មភាពអនុវត្តប្រចាំថ្ងៃរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ និងស្នើសុំការបញ្ជាក់ពីលេខាធិការដ្ឋានភ្លាមៗ ក្នុងករណីមានចម្ងល់ ឬយល់ថាជាន់ភារកិច្ចនៅក្នុងចំនុចសកម្មភាពអនុវត្តណាមួយ ដើម្បីជម្រុញការងារទៅមុខ។

សម្រាប់លទ្ធផលការងារដែលសម្រចបានទាំងនេះ នឹងដាក់ផ្សព្វផ្សាយរួមសម្រាប់សមិទ្ធិផលការងាររបស់ក្រសួងទេសចរណ៍ក្នុងអង្គសន្និបាតបូកសរុប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នាពេលខាងមុខនេះ៕

ដោយ​៖សហការី​


ចែករំលែក៖